ខេត្តពោធិ៍សាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាករង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉នការងារសេនាធិការ និងបើកវគ្គបន្តថ្នាក់មេបញ្ជាក ខ,គ អំពីយុទ្ធវិធីថ្មើរជើង ការពារទីតាំង វាយបក និងវាយលុក នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១៤ បានលើកទ្បើងថា វគ្កហ្វឹកហ្វឺនការងារសេនាធិការ ដែលបានបញ្ចប់ទៅហើយនោះ មានកម្មសិក្សាការីចំនួន ១០០នាក់ ខ្លឹមសារមានអប់រំចិត្តសាស្ត្រ យុទ្ធវិធីកងទ័ព ការងារសេនាធិការ និងលំហាត់លើតុខ្សាច់ ។ ឆ្លងតាមរយៈនៃការសិក្សា៦០ថ្ងៃ កម្មសិក្សាការីទទួលបានលទ្ធផលល្អ ៥៥% ល្អបង្គួរ៣០% និងមធ្យម១៥% និងបើកវគ្គហ្វឹកហ្វឺនបន្តថ្នាក់មេបញ្ជាការ ខ,គ អំពីយុទ្ធវិធីថ្មើជើង ការពារទីតាំង វាយបក វាយលុក រយៈពេល៩១ថ្ងៃ មានកម្មសិក្សាការីចំនួន ២២៦នាក់ ។
វគ្គហ្វឹកហ្វឺន ដែលបាននឹងកំពុងដំណើរការទៅបាននេះ គឺដោយបានការជួយឧបត្ថម្ត គាំទ្រមួយផ្នែកកញ្ចប់ថវិកា ពិសេសរប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គភាពសម្ព័ន្ធមេត្រីភាព សម្បុរសជន ការិយាល័យទ័ពជើងគោក និងកងពលបានម្ចាស់ការដោយខ្លួនឯង ។ នេះគឺជាបំណងប្រាថ្នា របស់កងយោធពលខេមរភូមិន្ទ ដែលផលិតបានធនធានមនុស្ស មានទាំងបរិមាណគុណភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំរើផលប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែង និងពាំនាំការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំង៣ និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបានសម្តែងការកោតសរសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ ពិសេសកម្មសិក្សាទាំងអ្នកបញ្ចប់វគ្គ និងវគ្គបន្ត ដែលបានខិតខំសិក្សារៀនសូត្រ មានវិន័យល្អ គឺជាមោទៈភាពមួយសម្រាប់ខ្លួនយើងផង និងអង្គភាពផង ។
ជាការពិតណាស់ថា ការហ្វឹកហ្វឺនជំនាញយុទ្ធវិធីកងទ័ព គឺជាការងារមួយមានសារៈសំខាន់ណាស់ ចំពោះកងយោធពលខេមរភូមិន្ទ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវរៀនសូត្រហ្វឹកហ្វឺនឲ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ បានជួយឧបត្ថម្តថវិកា ៥លានរៀល និងអង្ករ ២០០០គីទ្បូក្រាម ជូនដល់កងពល និងជូនរង្វាន់
លើកទឹកចិត្ត ដល់កម្មសិក្សាការី ដែលបានបញ្ចប់វគ្គ ដែលទទួលបានប័ណ្ណសរសើរ ចំនួន១១នាក់ អមដោយថវិកា ២ម៉ឺនរៀល និងលិខិតសរសើរ ៣៥នាក់ អមដោយថវិកា ១ម៉ឺនរៀលផងដែរ ៕