ខេត្តព្រះវិហារ៖ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្មេងទំនើង២ក្រុមធំ (២៣នាក់) ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅស្រុករវៀង ដែលត្រូវបានបំបែកកាលពីថ្ងៃទី៧មេសា២០២៦នោះ នៅថ្ងៃទី៨មេសាម្សិលមិញ បានបញ្ចប់នូវការសាកសួរ និងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនទៅកាន់អយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការជាបន្តនោះហើយ។
ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបាន ១៧នាក់ ក្នុងចំណោម ២៣នាក់ បន្ទាប់ពីពួកគេបានប្រើប្រាស់អាវុធដេញកាប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងស្រុករវៀងនោះមក។
ហេតុការណ៍ទំនាស់រវាងក្រុមក្មេងទំនើងទាំងពីរក្រុមនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៥០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវគ្រួសក្រហមតភ្ជាប់ពីភូមិបង្កើនផល និងភូមិស្វាយដំណាក់ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង។ មូលហេតុដែលឈានដល់ការផ្ទុះជម្លោះនេះ គឺផ្ដើមចេញពីការសេពគ្រឿងស្រវឹង រហូតទាស់សម្តីគ្នា និងឈានដល់ការប្រើហិង្សា ដោយកាំបិតបុ័ងតោ និងពូថៅ ដេញកាប់គ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក គង់ គារ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានដឹកនាំកម្លាំងជំនាញ សហការជាមួយនគរបាលស្រុករវៀង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណី និងឃុំរមទម ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្នុងចំណោមបក្ខពួក ២៣នាក់ សមត្ថកិច្ចបានឃាត់ខ្លួនបានចំនួន ១៧នាក់ (ក្នុងនោះ ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ) ចំណែក ៦នាក់ទៀត កំពុងរត់គេចខ្លួន។ លោកថា ក្រុមទី១ មានបក្ខពួក ១២នាក់ ជាកម្មករស្នាក់នៅភ្នំរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម និងក្រុមទី២ មានបក្ខពួក ១១នាក់ រស់នៅភូមិបង្កើនផល និងភូមិអូរពោធិ ឃុំរមណី ស្រុករវៀង។ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ ០៧គ្រឿង ,ទូរស័ព្ទដៃ ១០គ្រឿង ,នាឡិកាដៃ ០១គ្រឿង និងកាំបិតបុ័ងតោ ០១ដើម។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា ក្រោយការសាកសួរ ក្រុមក្មេងទំនើងទាំង ១៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តព្រះវិហារ ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌបង្កឡើងដោយក្មេងទំនើង បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការសាកសួរ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនោះរួចមក តំណាងអយ្យការសម្រចចោទប្រកាន់ជនសង្ស័យទាំង ២៣នាក់ខាងលើ អំពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២១៨ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
តំណាងអយ្យការនាថ្ងៃទី៩មេសា២០២៦នេះ បានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ដោយ៖ឡុង សំបូរ






































