ខេត្តកំពង់ឆ្នាំង៖ ករណីក្រុមជនល្មើសឆ្លៀតឱកាសលួចចូលឈូសឆាយបំផ្លាញព្រៃលិចទឹករបស់រដ្ឋទាំងកណ្ដាលអធ្រាត្រ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជលគិរី បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនអ្នកបើកបរម្នាក់ រួមទាំងត្រាក់ទ័រ ៣ គ្រឿង កាលពីយប់មិញ។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះបានដុតបញ្ឆេះកំហឹងមហាជន និងបង្កើតជាសំណួររិះគន់យ៉ាងចាស់ដៃចំៗទៅលើអាជ្ញាធរមូលដ្ឋាន ជុំវិញភាពធូររលុង និងកម្សោយក្នុងការគ្រប់គ្រងដែនដីជម្រកមច្ឆជាតិមួយនេះ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដើរឆ្លុះកណ្តុរនាពេលយប់ បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ យប់រំលងអាធ្រាត ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០ package ពួកគេបានប្រទះឃើញត្រាក់ទ័រចំនួន ៣ គ្រឿង កំពុងតែលួចធ្វើសកម្មភាពឈូសឆាយយ៉ាងអនាធិបតេយ្យលើដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់របស់រដ្ឋ នៅត្រង់ចំណុចទួលកប់ចែស ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ភ្លាមៗនោះ ប្រជាពលរដ្ឋល្អបានរាយការណ៍ជាបន្ទាន់ទៅកាន់កម្លាំងសមត្ថកិច្ច ទើបឈានទៅដល់ការឃាត់ខ្លួន និងដកហូតវត្ថុតាងយកមកចាត់ការតាមច្បាប់។
អ្វីដែលធ្វើឲ្យសាធារណជនខកចិត្ត និងហួសចិត្តបំផុតនោះគឺ ទីតាំងដីព្រៃលិចទឹកនៅចំណុចកប់ចែសនេះ មិនមែនទើបតែរងការបំផ្លាញជាលើកទីមួយនោះទេ។ កាលពីប៉ុន្មានខែមុន ទីតាំងដដែលនេះ ក៏ធ្លាប់ត្រូវបានក្រុមជនខិលខូចលួចបញ្ជាត្រាក់ទ័រមកឈូសឆាយអស់ជាច្រើនហិកតារួចមកហើយ។
ហេតុទើបមានការចោទសួរដេញដោលខ្លាំងៗថា៖ ចុះហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋាន ទាំងភូមិ ឃុំ និងផ្នែកជំនាញពាក់ព័ន្ធ ដែលជាអ្នកក្តោបក្តាប់ដីធ្លីផ្ទាល់ បែរជាបណ្តោយឲ្យបទល្មើសដដែលៗនេះកើតឡើងជាថ្មីទៀតបាន? តើនេះមកពីភាពទន់ជ្រាយ ខ្ជីខ្ជា មិនយកចិត្តទុកដាក់ ឬមួយក៏មាន «អាថ៌កំបាំងខ្សឹបខ្សៀវ» យោគយល់ ឬកាងនៅពីក្រោយខ្នងក្រុមជនល្មើស ទើបបានជាត្រាក់ទ័រខ្នាតយក្សដល់ទៅ ៣គ្រឿង អាចបើកចូលមកឈូសឆាយបានយ៉ាងរំភើយបែបនេះ? មហាជនលើកឡើងថា បើកុំតែបានប្រជាពលរដ្ឋដើរឆ្លុះកណ្តុរជួយរាយការណ៍ កុំអីដីព្រៃលិចទឹកទាំងនោះប្រហែលជាត្រូវវិនាសហិនហោចអស់បាត់ទៅហើយ ដោយអាជ្ញាធរនៅតែបន្ត «ដេកលក់» ដដែល។
មហាជនបានទទូចសុំឲ្យមានការស៊ើបអង្កេតស៊ីជម្រៅ មិនត្រឹមតែផ្ដន្ទាទោសអ្នកបើកបរត្រាក់ទ័រ និងមេខ្លោងប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានការពិនិត្យមើល និងដាក់ទណ្ឌកម្មវិន័យ ឬការទទួលខុសត្រូវផ្នែកច្បាប់ទៅលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញណាដែលខ្វះការទទួលខុសត្រូវ បណ្ដែតបណ្ដាយឲ្យសម្បត្តិរដ្ឋរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ គេមិនអាចទទួលយកបានឡើយនូវពាក្យដោះសាថា «មិនដឹង ឬមិនឃើញ» ក្នុងពេលដែលបទល្មើសកើតឡើងនៅលើទឹកដីគ្រប់គ្រងរបស់ខ្លួនដដែលៗបែបនេះ៕




































