(កំពង់ធំ)÷ អភិបាលស្រុកស្ទោងបានលើកឡើងថា ការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ គឺជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល : លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំ
ទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ផ្លូវថ្មីនេះលើសពីសោភ័ណភាព ការធ្វើដំណើរបានស្រួល និងសុវត្ថិភាព វាក៏ជាប្រព័ន្ធរំដោះទឹកកុំឱ្យជន់លិចទីរួមស្រុកស្ទោង ក៏ដូចជាវិទ្យាល័យ រស្មីសោភ័ណ ព្រោះមានប្រព័ន្ធប្រឡាយរំដោះទឹកនៅអមសងខាងផងដែរ ដែលកន្លងមកតែងតែរងគ្រោះពីគ្រោះធម្មជាតិទឹកជំនន់ជារឿយៗនិងបង្កការរំខានដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សថែមទៀត។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណៈជនសូមជួយថែរក្សាការពារនូវ សមិទ្ធផលដ៏ថ្មីស្រឡាងនេះ ដើម្បីទុកជាប្រយោជន៍រួមរបស់ស្រុកស្ទោង និងជាសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ ហើយធានាបាននូវសោភ័ណភាពស្រស់បំព្រង មានបរិស្ថានល្អ និងគុណភាពយូរអង្វែងថែមទៀត។
ទន្ទឹមនឹងនេះលោកអភិបាលស្រុក បានអំពាវបន្ថែមថែមទៀតដល់សាធារណៈជន ជាពិសេសអ្នកទីរួមស្រុកស្ទោង សូមអញ្ជើញទៅចូលរួមធ្វើលំហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឱ្យបានមាំទាំ និងជាប់ជាប្រចាំ ព្រោះនៅទីនេះ មានបរិស្ថានល្អប្រកបដោយសុខសុវត្ថិភាព ជាមួយអនុស្សាវរីយ៍ចាស់ថ្មីថែមទៀត។
សូមបញ្ជាក់ថា ការបើកពង្រីកផ្លូវនេះគឺលោកបានធ្វើតាមសន្យាដែលលោកបានសន្យាកាលពីពេលថ្មីៗនេះ ដែលជាថវិការបស់លោកផ្ទាល់ ដែលមានទទឹងម្ខាង ៥ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រ មានដាក់បំពាក់សូឡាអមសងខាង ដាំដើមឈើលម្អប្រណីតជាង១០០ដើម ថែមទាំងដាក់ក្រាលថ្មមិច ហើយវិទ្យាល័យនេះមានគ្រូសរុប៦២ នាក់ ស្រី២៤នាក់ សិស្សសរុប ២៣៣០នាក់ ស្រី១២៦៣នាក់។





































