វិស័យកសិ-ឧស្សាហកម្មសរសៃសូត្រធម្មជាតិផលិតពីស្លឹកមន បោះជំហានផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ វិស័យកសិ-ឧស្សាហកម្មនៅក្នុងខេត្តស្ទឹងត្រែង កំពុងបោះជំហានទៅរករបត់ថ្មីមួយទៀត តាមរយៈការបង្កើតខ្សែច្រវាក់ផលិតកម្មដាំដើមមន និងចិញ្ចឹមដង្កូវនាង ដើម្បីផលិតជាសូត្រធម្មជាតិសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ នាថ្ងៃទី ២១ឧសភា២០២៦ នេះ បានឱ្យដឹងថា ក្រុមហ៊ុនកសិកម្ម «ហ័ងអញ វៀតណាម» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូស្វាយសែនជ័យ បាន និងកំពុងអនុវត្តគម្រោងដាំដុះដើមមនយកស្លឹក សម្រាប់ធ្វើជាចំណីដង្កូវនាង ក្នុងគោលបំណងផលិតជាសូត្រធម្មជាតិ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា «បច្ចុប្បន្ន ខ្សែច្រវាក់ផលិតកម្មនេះស្ថិតក្នុងដំណាក់កាលផលិតវត្ថុធាតុដើមនៅឡើយ ដោយសារខេត្តស្ទឹងត្រែងមិនទាន់មានរោងចក្រកែច្នៃផ្ទាល់។ ផលិតផលសូត្រដែលប្រមូលបាន ត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន ដែលស្ថិតនៅក្នុងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីផលិតជាសរសៃសូត្រសម្រេច រួចបន្តនាំចេញទៅកាន់ទីផ្សារធំ គឺប្រទេសឥណ្ឌា»។
ពាក់ព័ន្ធនឹងឱកាសពង្រីកសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុក លោកប្រធានមន្ទីរបានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្នើឱ្យក្រុមហ៊ុនពិចារណា បើករោងចក្រកែច្នៃសរសៃសូត្រនេះផ្ទាល់ នៅក្នុងខេត្តស្ទឹងត្រែងតែម្ដង។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានប្ដេជ្ញាចិត្តថា នឹងបង្កើតរោងចក្រកែច្នៃនាពេលអនាគត នៅពេលណាដែលទិន្នផលដាំដុះ និងការផលិតសូត្រកើនឡើងដល់កម្រិតមួយ ដែលអាចផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្របានប្រកបដោយស្ថិរភាព៕