ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសមហាកុសលជូនប្រជាជនកម្ពុជាស្លូតត្រង់ ដែលបានរងគ្រោះដោយអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលប្រទេសកម្ពុជា បានប្រារព្ធ «ទិវាជាតិនៃការចងចាំ២០ ឧសភា» ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងរួមគ្នាការពារតម្លៃនៃសន្តិភាពនៅកម្ពុជា ឲ្យស្ថិតនៅគង់វង្សជាអមតៈ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅទូទាំងប្រទេស បានរួមគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធ បក្សុកូល និងឧទ្ទិសកុសលក្នុង «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដែលជាទិវាប្រវត្តិសាស្ត្រមួយ រំលឹកចងចាំមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬជារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។
ទិវាជាតិដែលប្រារព្ធឡើងនៅថ្ងៃទី២០ឧសភា២០២៦នេះ គឺជាការសម្តែងនូវការគោរព និងឧទ្ទិសកុសលជម្រៅចិត្ត ជូនដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋស្លូតត្រង់ជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបដ៏ឃោរឃៅ និងខ្មៅងងឹតមួយនេះ។
ឆ្លងកាត់ការឈឺចាប់ និងទឹកភ្នែកនាពេលនោះ ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ បានយល់ដឹងច្បាស់អំពីឫសគល់នៃសោកនាដកម្ម ដែលបំផ្លិចបំផ្លាញជាតិស្ទើរគំរាមកំហែងដល់ពូជសាសន៍។ ក្នុងរយៈពេលជិត ៤ ឆ្នាំនៃរបបនោះ ប្រជាពលរដ្ឋត្រូវបានបង្ខំឱ្យធ្វើការជាទម្ងន់ដូចសត្វធាតុ ជម្លៀសចេញពីទីលំនៅដោយបង្ខំ ព្រមទាំងរស់នៅដោយគ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យាបាលជំងឺ និងរងការកាប់សម្លាប់យ៉ាងព្រៃផ្សៃ។ សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ ត្រូវបានលុបបំបាត់ទាំងស្រុង។
មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់នេះ បានក្លាយជាការដាស់តឿនដល់កូនខ្មែរគ្រប់ជំនាន់ ឱ្យយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព»។ ដើម្បីបង្ការកុំឱ្យរបបខ្មៅងងឹតបែបនេះអាចវិលត្រឡប់មកជាថ្មី ប្រជាជាតិកម្ពុជាទាំងមូលប្តេជ្ញាចិត្តរួមគ្នាថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ព្រោះសន្តិភាពគឺជាគ្រឹះស្ថានតែមួយគត់ ដែលផ្តល់ឱកាសគ្រប់បែបយ៉ាងក្នុងការស្តារ និងអភិវឌ្ឍសង្គមគ្រួសារ សហគមន៍ និងមាតុភូមិឱ្យរុងរឿងទៅមុខ៕





































