ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងសរុបចំនួន ៧៩០នាក់ ទៅកាន់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅចំនួនពីរ ដើម្បីធ្វើការលត់ដំខ្លួន ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមជួយការងារដល់កងទ័ពជួរមុខ។
ការចាត់វិធានការយ៉ាងក្តៅគគុកនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ដែលបានណែនាំឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខ។
យោងតាមរបាយការណ៍ ក្រុមទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) ទាំង ៧៩០នាក់ ត្រូវបានប្រមូល និងផ្ទេរចេញពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅកាន់ទីតាំងគោលដៅចំនួន០២ រួមមាន៖
មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន ៦៥១នាក់
ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់
គោលបំណងចម្បងនៃការផ្ទេរទណ្ឌិតទាំងនេះ គឺដើម្បីបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួនឱ្យក្លាយជាពលរដ្ឋល្អ តាមរយៈការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួន។
លើសពីនេះ ពួកគេនឹងត្រូវតម្រូវឱ្យធ្វើសកម្មភាពដែលមានប្រយោជន៍ដល់សង្គមជាតិ ដោយចូលរួមជួយដល់កងទ័ពជួរមុខ ក៏ដូចជាកងវិស្វកម្ម លើការងារជាក់ស្តែងដូចជា ការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗទៀតដែលសមស្រប។
វិធានការនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយសកម្មភាពក្មេងទំនើងនៅក្នុងសង្គម ព្រមទាំងបំប្លែងកម្លាំងអវិជ្ជមានទាំងនោះ ឱ្យទៅជាកម្លាំងចលករដែលមានប្រយោជន៍ ក្នុងការជួយការពារ និងស្ថាបនាជាតិវិញផងដែរ៕





































