​ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ សោម ស៊ុន៖ កម្លាំងយោធាខេត្តកំពង់ធំ បង្ក្រាបទាន់ពេលវេលានូវបទល្មើសដឹកឈើខុសច្បាប់ ឆ្លងកាត់មុខស្នាក់ការបរិស្ថាន

0

(កំពង់ធំ)៖ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារធនធានធម្មជាតិ និងការមិនអត់ឱនចំពោះបទល្មើសព្រៃឈើ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កម្លាំងយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកទាំងកណ្តាលអាធ្រាត្រ ស្ទាក់ចាប់បានគោយន្តដឹកឈើខុសច្បាប់ចំនួន ២គ្រឿង កាលពីរំលងអាធ្រាត្រ ឈានចូលទៀបភ្លឺ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦ នេះ។
​សកម្មភាពបង្ក្រាបយ៉ាងទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការតាមដានក្តាប់សភាពការណ៍យ៉ាងម៉ត់ចត់របស់លោកមេបញ្ជាការ ឧត្តមសេនីយ៍ទោ សោម ស៊ុន ទោះបីជាបទល្មើសនោះព្យាយាមលួចលាក់ធ្វើឡើងនៅពេលយប់ងងឹតក៏ដោយ។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា បទល្មើសឈើជម្រៀកដែលមានចំនួនសរុបប្រមាណជាង ៤ ម៉ែត្រគូបនេះ ត្រូវបានក្រុមជនខិលខូចលួចដឹកជញ្ជូនចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះ បានឆ្លងកាត់ចំពីមុខស្នាក់ការបរិស្ថាន «ព្រះអាទិត្យ» ពេញទំហឹង ប៉ុន្តែបែរជាគ្មានការរារាំង ឬបង្ក្រាបពីមន្ត្រីជំនាញបរិស្ថានប្រចាំការនៅទីនោះឡើយ។
​ទោះជាយ៉ាងណាក៏ដោយ បទល្មើសមួយនេះមិនអាចគេចផុតពីភ្នែកខ្នារ និងស្មារតីទទួលខុសត្រូវខ្ពស់របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើយ។ ដោយទទួលបានបទបញ្ជាម៉ឺងម៉ាត់ពី ឧត្តមសេនីយ៍ទោ សោម ស៊ុន កម្លាំងយោធាបានដេញស្ទាក់ចាប់គោយន្តកន្ត្រៃទាំង ២គ្រឿងនោះបានភ្លាមៗ នៅចំណុចតំបន់ព្រៃសហគមន៍ អូរដាស់ស្គរ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ការកោត
សកម្មភាពឆ្មក់បង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់កម្លាំងយោធាក្រោមការបញ្ជារបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន។ ជាមួយគ្នានេះ មហាជនក៏បានរិះគន់ និងដាក់សញ្ញាសួរយ៉ាងធំទៅលើមន្ត្រីបរិស្ថានប្រចាំការនៅទីនោះជុំវិញភាពមិនប្រក្រតី ដែលបណ្តែតបណ្តោយឱ្យបទល្មើសឆ្លងកាត់មុខស្នាក់ការយ៉ាងរលូនបែបនេះ។


​បច្ចុប្បន្ន វត្ថុតាងដែលកម្លាំងយោធារបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ចាប់ឃាត់បាន ត្រូវបានរៀបចំបញ្ជូនទៅតាមនីតិវិធី។ មហាជនកំពុងបន្តរង់ចាំមើលថា តើថ្នាក់ដឹកនាំស្ថាប័នបរិស្ថានពាក់ព័ន្ធ នឹងមានចំណាត់ការបែបណាចំពោះមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ជុំវិញករណីធូរលុងដៃខាងលើនេះ បន្ទាប់ពីកម្លាំងយោធាបង្ហាញស្នាដៃបង្ក្រាបជំនួសយ៉ាងស្ដែងការណ៍បែបនេះ៕