(កំពង់ធំ)៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិហូកា និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ។
កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA), លោក ឡាយ ច័ន្ទធារ៉ា ប្រធានក្រុមផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍, លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកសាលា ក្រុមការងារនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត គ្រូបង្គោល សិក្ខាកាមហូកា ប្រតិបត្តិករទេសចរណ៍ និងក្រុមការងារលេខាធិការដ្ឋានជាច្រើនរូបទៀត។
វគ្គបណ្តុះបណ្តាលដែលបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនាឱកាសនេះ រួមមានជំនាញសំខាន់ៗចំនួន៤ គឺ៖ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ, ជំនាញចុងភៅ, ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ។
នៅក្នុងឱកាសនោះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរបាយការណ៍បង្ហាញពីស្ថានភាពអាជីវកម្ម និងសេវាកម្មទេសចរណ៍ដែលកំពុងបម្រើការនៅក្នុងខេត្ត រួមមាន៖ ការីទេសចរណ៍ (នាំភ្ញៀវចូល) ១ទីតាំង, មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ ១២នាក់ (សហគមន៍ទេសចរណ៍សំបូរព្រៃគុក), សណ្ឋាគារ ៨ទីតាំង (ស្មើនឹង ៣៥៣បន្ទប់), ផ្ទះភ្ញៀវ ៦៨ទីតាំង (ស្មើនឹង ៩៣៩បន្ទប់), ផ្ទះស្នាក់សហគមន៍ ២ទីតាំង (នៅសហគមន៍ទេសចរណ៍សំបូរព្រៃគុក និងស្រុកបារាយណ៍), ភោជនីយដ្ឋាន/អាហារដ្ឋាន ២០ទីតាំង, មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ២៩ទីតាំង, ម៉ាស្សាសុខភាព ៧ទីតាំង, កីឡាស្នូកឃ័រ ១៤ទីតាំង និងផ្ទះជួលបន្ទប់ស្នាក់នៅ ៨៩ទីតាំង។ អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់នេះ បាននិងកំពុងផ្តល់ឱកាសការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋចំនួន ១,៥៤៨នាក់ (ក្នុងនោះស្រី ៨៩4នាក់) និងការងារដោយប្រយោលជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។
មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កំពុងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរនៅក្នុងខេត្តកំពង់ធំ។ លោកបន្តថា ខេត្តកំពង់ធំមានសក្តានុពលទេសចរណ៍យ៉ាងច្រើន ជាពិសេសតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប ដោយមានប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជាម៉ាញេទិកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើសពីនេះ ទេសចរណ៍បានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ សណ្ឋាគារ ភោជនីយដ្ឋាន ព្រមទាំងពង្រឹងសក្តានុពលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីបង្កើនចំណូលជូនប្រជាជនមូលដ្ឋាន និងចូលរួមការពារធនធានធម្មជាតិ។
ថ្លែងការណែនាំនៅក្នុងកម្មវិធីនេះ ឯកឧត្តម ប៉ាក់ សុខុម បានលើកឡើងអំពីលទ្ធផលការងារ និងយុទ្ធសាស្ត្រគន្លឹះទាំង៦ ដែលមហាគ្រួសារវិស័យទេសចរណ៍បានដាក់ចេញ រួមមាន៖
១. ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ
២. ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
៣. ការសម្រួលការធ្វើដំណើរចូល-ចេញ និងការតភ្ជាប់ការធ្វើដំណើរមកកម្ពុជា
៤. ការគ្រប់គ្រងគុណភាពឧស្សាហកម្មទេសចរណ៍
៥. ការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យសម្បូរបែប និងមានភាពទាក់ទាញ
៦. ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់លើការរៀនសូត្រ ការអនុវត្ត និងក្រេបជញ្ជក់បទពិសោធន៍ពីលោកគ្រូអ្នកគ្រូប្រកបដោយស្មារតីទទួលខុសត្រូវ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍ «ជំនាញទន់» ដែលចាំបាច់មិនអាចខ្វះបាន ដូចជា ជំនាញភាសា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញសហគ្រិនភាព ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងដើរលើវិថីអាជីពការងារក្នុងវិស័យទេសចរណ៍ឱ្យកាន់តែជោគជ័យ និងមានភាពរីកចម្រើនទៅថ្ងៃអនាគត៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា






































