(កំពង់ធំ)៖លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានចាត់តាំង
ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំគ្រឿងចក្រ ចុះកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែ ប្រវែង ២១៩ម៉ែត្រ និងដាក់លូមួយកន្លែង ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការចាំបាច់ក្នុងរដូវវស្សាខាងមុខ។
ឯកឧត្តមបានបញ្ចាក់ថាដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋឯកឧត្តមបានជួយដោះស្រាយបន្ទាន់ព្រោះផ្លូវមួយខ្សែនេះគឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ដែលបំរើដល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមឲ្យជួយថែរក្សាផ្លូវដើម្បីបានប្រើប្រាស់បាននយូរអង្វែង។
ប្រជាពលរដ្ឋនៅភូមិក្រពើ ឃុំទួលគ្រើល បានសម្តែងនូវភាពបសប្បាយរីករាយនិងជូនពរដល់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ហេង សំណាង ព្រមទាំងក្រុមការងារដែលតែយកចិត្តទុកដាក់ពីការលំបាករបស់ប្រជាពលរដ្ឋ ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ហេង សំណាង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម ដោយឡែក មាន១គ្រួសារ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀលបន្ថែម ដោយសារត្រូវចិញ្ចឹមកុមារតូច ដែលបានបាត់បង់ឪពុកម្តាយ និងកំពុងរស់នៅជាមួយជីដូន។






































