បើកការប្រកួតបាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ក្រោមប្រធានបទ (ទាំងអស់គ្នាដើម្បីកីឡា កីឡាដើម្បីសុខភាព និងសាមគ្គីភាព) នៅពហុកីឡាដ្ឋានខេត្តសៀមរាប នារសៀល

0

សៀមរាប ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៦ មានបើកការប្រកួតបាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ក្រោមប្រធានបទ (ទាំងអស់គ្នាដើម្បីកីឡា កីឡាដើម្បីសុខភាព និងសាមគ្គីភាព) ក្រោមវត្តមានរបស់ឯកឧត្តម តោ គឹមស៊ាន សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង ស្រុក រួមទាំងប្រតិភូកីឡាករទាំង២៨ក្រុម និង ក្រុមកីឡាផ្ការីកគ្រប់រដូវ ព្រមទាំងមាន ទស្សនិជនចូលរួមទស្សនា យ៉ាងច្រើនកុះករផងដែរ ។
មានប្រសាសន៍បើកការប្រកួតកីឡាមហាជននោះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានធ្វើការស្វាគមន៍ ដល់ក្រុមកីឡាបាល់ទាត់ទាំង២៨ក្រុម ដែលមកពីបណ្តាក្រុង-ស្រុក និង វិស័យឯកជននានា ក្នុងខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួត បាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ដែលញ៉ាំងឲ្យពិធីទាំង មូលមានភាពអធិកអធមជាទីក្រៃលែង ។  លោកបន្តទៀតថា  ព្រឹត្តការណ៍ប្រកួតកីឡាមហាជន  ក្រោមប្រធានបទ ( ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និង សាមគ្គីភាព ) ក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព សន្តិភាព រវាងអ្នកស្នេហាកីឡាបាល់ទាត់ក្នុងខេត្ត និង ផ្តោតលើកីឡានាំមកនូវសុខភាពល្អ កម្លាំងមាំមួន និងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និង លើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តទៀតផង ។ លោក សំកុល សុចិត្រា បានបញ្ជាក់ថា ការបង្កើតឲ្យមានការប្រកួតបាល់ទាត់ ពានរង្វាន់មហាជននេះឡើង ក្នុងការលើកស្ទួយវិស័យកីឡា ផ្សាភ្ជាប់នឹងទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។ ម៉្យាងទៀត ការប្រកួតនេះ គឺដើមី្បផ្តល់ឱកាសដ៏ល្អដល់កីឡាករបានវាស់ស្ទង់គុណផលកីឡា សម្រាប់ផ្លាស់ប្តូរបច្ចេកទេស បទពិសោធន៍ ព្រមទាំងជួយបំផុសស្មារតីឲ្យយុវជនស្រឡាញ់ និងគាំទ្រវិស័យកីឡា កាន់តែល្បីល្បាញលើឆាកជាតិ និង អន្តរជាតិ សម្រាប់ការរៀបចំពានរង្វាន់មហាជននេះដែរ វាក៏ជា ជំហានដំបូងក្នុងការស្វែងរកធនធានកីឡាករឆ្នើមៗ ដើម្បីតំណាងឲ្យខេត្តទៅប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិថែមទៀតផង។ វិស័យកីឡាបានដើរតួសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយឲ្យរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិត ភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ លើកកម្ពស់គុណភាពជីវិត ។ កីឡាមានតួនាទីសំខាន់ក្នុងការបណ្តុះ  បណ្តាលធនធានមនុស្ស ឲ្យមានកាយសម្បទារឹងមាំ មានបញ្ញាភ្លឺថ្លា និងមានសីលធម៌ល្អ កីឡាក្លាយ ជាសេវាសុខភាព មានតម្លៃដូចសេវាសុខា ភិបាលសាធារណៈដែរ ។ ជាមួយគ្នានេះ កីឡាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កីឡា និងចលនាជាតិយ៉ាងផុសផុលតាមរយៈការចូលរួមគាំទ្រកោតសរសើរ សាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការក្រោមពាក្យស្លោក(កីឡាជាទូតសន្តិភាពនិងកីឡារស់ក្នុងសន្តិភាព)។
តាមរបាយការណ៍របស់លោក លី ប៊ុនណា ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ការប្រកួតនេះមាន២៨ក្រុម ដោយមានការប្រកួតសរុប ៥៨ប្រកួត និង បានបែងចែកជា ពូល (ក)  ពូល(ខ)  ពូល(គ) ពូល (ឃ) ពូល(ង)  ពូល(ច) និង ពូល(ឆ) ។ ក្នុងនោះដោយមានការជម្រុះក្នុង១ពូល យក២ក្រុម គឺលេខ១ និងលេខ២ និងត្រូវបន្ថែមជ្រើរើសលេខ៣ល្អ ចំនួន២ក្រុម ដោយសម្រាំងតាមលក្ខខណ្ឌបច្ចេកទេស ដើមី្បបង្រ្គប់សម្រាប់វគ្គ១៦ក្រុម ។ នៅក្នុងវគ្គជម្រុះ១៦ក្រុម គឺលេខ១ពូល(ក) ប្រកួតជាមួយលេខ២ ពូល(ខ) , លេខ១ពូល(ខ)ប្រកួតជាមួយលេខ២ ពូល(ក) លេខ១ពូល(គ)ប្រកួតជាមួយលេខ២ ពូល(ឃ), លេខ១ពូល(ឃ)ប្រកួតជាមួយលេខ២ ពូល(គ), លេខ១ពូល(ង)ប្រកួតជាមួយលេខ២ ពូល(ច) ,លេខ១ពូល(ច)ប្រកួតជាមួយលេខ២ ពូល(ង) ,លេខ១ពូល(ឆ)ប្រកួតជាមួយលេខ៣ល្អ (២) និង លេខ២ ពូល(ឆ) ប្រកួតជាមួយលេខ៣ល្អ (១)។ ក្នុងវគ្គផ្តាច់ព្រ័ត្ត ក្រុមចាញ់ជួបក្រុមចាញ់ រកចំណាត់ថ្នាក់លេខ៣ និងលេខ៤ និង ក្រុមឈ្នះជួបក្រុមឈ្នះ យកចំណាត់ថ្នាក់លេខ១ និង លេខ២  ៕