កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នារសៀលថ្ងៃទី២៨ ឧសភា ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥២គ្រួសារ រស់នៅក្នុងឃុំព្រែកកុយ ស្រុក
កងមាស ដែលបានធ្វេីឡេីងនៅបរិវេណវត្តអូរស្វាយ ឃុំព្រែកកុយ ខណៈអារាមមួយនេះ ក៏ត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោក តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ថា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព ដេីម្បីការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋានឱ្យបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ ជៀសឱ្យផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៥២គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត ១កេស និងឃីត ១សម្រាប់។ ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី ១០ម៉ឺនរៀល ដល់ ៤០ម៉ឺនរៀល ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តអូរស្វាយ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសារប្រណិត ៤កេស និង បច្ច័យ ១លានរៀល ផងដែរ ៕





































