(ឧត្តរមានជ័យ)៖ សុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការបើកបរនៅពេលយប់ គឺជាការយកចិត្តទុកដាក់យ៉ាងសំខាន់របស់រដ្ឋបាលក្រុងសំរោង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត នារសៀល
ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ៖ ក្រោមការគិតគូរ និងផ្តួចផ្តើមគំនិតផ្ទាល់ពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានចាត់វិធានការចុះអនុវត្តការងារ «បិទស្ទីកគ័រចំណាំងផ្លាតតាមបង្គោលភ្លើងបំភ្លឺផ្លូវ (សូឡា)»។
ការចុះបិទចំណាំងផ្លាតនេះ ត្រូវបានអនុវត្តចាប់ពីចំណុចព្រំប្រទល់ក្រុងសំរោង ជាប់នឹងស្រុកចុងកាល់ ដោយធ្វើការបិទបន្តបន្ទាប់តាមបណ្តោយផ្លូវជាតិលេខ៦៨ ដែលនឹងផ្តល់សញ្ញាត្រួសត្រាយផ្លូវពេលយប់ ជះពន្លឺយ៉ាងច្បាស់នៅពេលត្រូវភ្លើងយានយន្ត ដែលជួយឱ្យអ្នកបើកបរអាចមើលឃើញគន្លងផ្លូវ និងទីតាំងបង្គោលភ្លើងបានពីចម្ងាយ ទោះបីជានៅតំបន់ដែលភ្លើងសូឡាខ្សោយពន្លឺ ឬងងឹតក៏ដោយ។
យន្តការនេះនឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជួយទប់ស្កាត់ហានិភ័យនៃការបើកបររេចង្កូតបុកបង្គោលភ្លើង ឬធ្លាក់ចេញពីគែមផ្លូវ ដែលធានាបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរ។ លើសពីនេះ ក៏ជាការលើកកម្ពស់សោភ័ណភាពដងផ្លូវ ធ្វើឱ្យដងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រក្រុងសំរោង មានរបៀបរៀបរយ និងមានសោភ័ណភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់។
រដ្ឋបាលក្រុងសំរោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលបង្គោលសូឡាទាំងនេះ និងសូមបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា ដើម្បីសុវត្ថិភាពរាល់ពេលធ្វើដំណើរ៕ដោយ៖ភ្នំដងរ៉ែក




































