លោក ឃីម សុខឃាង ដាស់តឿនយុវជនឱ្យស្គាល់តួនាទីច្បាស់លាស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្តានុពល

0


(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងយុវជន នៅវិទ្យាល័យតាអោក ក្នុងឱកាសប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា។
​ពិធីនេះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តសិរីមង្គល, ក្រុមការងារ ស.ស.យ.ក ស្រុកនិងឃុំ, លោកនាយក លោកគ្រូ-អ្នកគ្រូ, យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហម ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យតាអោក និងសាលាបឋមសិក្សាតាអោកយ៉ាងច្រើនកុះករ។
​បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់លោក ឌួង វ៉ិត នាយកវិទ្យាល័យតាអោក និងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយលោក ប៉ែន សុផាត នាយករដ្ឋបាល និងជាអនុប្រធាន ស.ស.យ.ក ស្រុកប្រាសាទសំបូររួចមក លោក ឃីម សុខឃាង បានថ្លែងមតិសំណេះសំណាលយ៉ាងស៊ីជម្រៅ ដោយលើកឡើងអំពីអត្ថន័យនៃការប្រារព្ធទិវាកុមារអន្តរជាតិ ដែលផ្តោតសំខាន់លើ៖​ការផ្តល់គុណតម្លៃ និងគិតគូរពីអនាគតរបស់កុមារ។
​ការយល់ដឹង និងរួមគ្នាទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើកុមារ។​ការស្វែងរកវិធីសាស្ត្រនានា ដើម្បីបញ្ចៀសអំពើហិង្សាលើកុមារគ្រប់ទម្រង់។

«យុវជនគឺជាអ្នកបន្តវេនដ៏សំខាន់បំផុត ដែលត្រូវតែស្គាល់តួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការជួយកិច្ចការសង្គម»ប្រសាសន៍សង្កត់ធ្ងន់របស់ លោកអភិបាលស្រុកប្រាសាទសំបូរ​ទន្ទឹមនឹងនោះ លោកអភិបាលស្រុក ក៏បានផ្តល់ការណែនាំ និងផ្តាំផ្ញើនូវចំណុចគន្លឹះសំខាន់ៗចំនួន ៤ ដល់យុវជន និងសិស្សានុសិស្សរួមមាន៖

១. ការអភិវឌ្ឍសមត្ថភាព៖ ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញថ្មីៗជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យទាន់ការវិវត្តនៃសង្គមជាតិ។
២. ការចូលរួមការងារសង្គម៖ ត្រូវមានស្មារតីស្ម័គ្រចិត្ត ចូលរួមចំណែកក្នុងសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់ខ្លួន។
៣. ការបណ្តុះគំនិត និងចែករំលែកចំណេះដឹង៖ ត្រូវចេះបង្កើតគំនិតវិជ្ជមាន ច្នៃប្រឌិត និងរួមគ្នាពង្រីកវប្បធម៌នៃការចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ល្អៗទៅកាន់អ្នកដទៃ។​៤. សីលធម៌បុគ្គល និងការអត់ធ្មត់៖ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌រស់នៅល្អបរិសុទ្ធ មានការគោរពចាស់ទុំ ហើយត្រូវផ្សារភ្ជាប់ខ្លួនឯងទៅនឹងការអត់ធ្មត់ តស៊ូជម្នះរាល់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត៕