ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣១ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រី និងសមាជិកគណបក្សក្រុងស្ទឹងត្រែង ជាង ១៦០នាក់នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញ ។
សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានបង្ហាញរបាយការណ៍ ដោយបានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ដោយមានសិក្ខាកាមចូលរួម ១៦៤នាក់ (ស្រី ៧៥នាក់)។ លោកថា ជាលទ្ធផលវាយតម្លៃ សិក្ខាកាមទទួលបានការយល់ដឹងកម្រិត «ល្អ» ចំនួន ៨៥ភាគរយ, កម្រិត «ល្អបង្គួរ» ចំនួន ១០ភាគរយ និងកម្រិត «មធ្យម» ចំនួន ៥ភាគរយ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក សរ សុពុត្រា អភិបាលខេត្ត ,សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណឃោសនាអប់រំខេត្ត ក៏ដូចជាការយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់ ដែលបានស្តែងឱ្យឃើញពីការរីកចម្រើនយ៉ាងច្បាស់ ទាំងផ្នែកទស្សនៈ គោលជំហរ និងនយោបាយ។
លោកប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា៖ «ការបណ្តុះបណ្តាលដល់មន្ត្រី និងយុវជនគណបក្សនាពេលនេះ គឺជាប្រទីបសម្រាប់បំភ្លឺផ្លូវឱ្យសិក្ខាកាមដើរបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ គោលការណ៍ លក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់គណបក្ស។ លោកបន្តថា ជាងនេះទៅទៀត វាជាអាវុធដ៏មុតស្រួចសម្រាប់យកទៅប្រើប្រាស់ក្នុងការវាយបក លើសមរភូមិនយោបាយ ស្មារតី សតិអារម្មណ៍ និងសមរភូមិសាធារណមតិ»។
លោក សរ សុពុត្រា បានបន្តទៀតថា ចំណេះដឹងពីវគ្គអប់រំនេះ នឹងជួយពង្រឹងតួនាទីដឹកនាំរបស់គណបក្ស និងរបៀបរបបធ្វើការងារនៅតាមស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់គណបក្ស គឺ «រក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតអាណត្តិក្រោយៗជាបន្តបន្ទាប់»។
លោកប្រធានគណបក្សខេត្តស្ទឹងត្រែង បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាម និងមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ,បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ឱ្យជ្រាបចូលជ្រៅទៅក្នុងស្រទាប់ប្រជាពលរដ្ឋ ,ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីបម្រើផលប្រយោជន៍ប្រជាជនដោយភាពស្មោះត្រង់៕






































