អភិបាល ខេត្តបន្ទាយមានជ័យ អញជើញជាអធិបតីប្រកាសចូលកាន់មុខដំណែងអភិបាលស្រុកស្វាយចេក និងស្រុកថ្មពួក

0

បន្ទាយមានជ័យ ៖អភិបាលស្រុកដែលទើបតែងតាំងថ្មី ត្រូវពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត, ចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដេីម, ត្រូមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់ប្រសើរឡើង។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ការថ្លែងដូច្នេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ស៊ុត ង៉ុយ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរងស្រុកព្រះនេត្រព្រះ ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ដើម្បីឆ្លើយតប ទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល លោក ស៊ុត ង៉ុយ អភិបាលស្រុកថ្មី ក៏បានប្តេជ្ញាចិត្ត ខិតខំចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ដែលដាក់ចុះឱ្យមានប្រសិទ្ធភាពខ្ពស់, ចូលរួមអនុវត្តស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានប្រសិទ្ធភាពខ្ពស់, គាំទ្រ និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធី គោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃនីតិកាលទី ៧នៃរដ្ឋសភា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សហការជាមួយកងកម្លាំងមានសម្ថតកិច្ច ដើម្បីអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយនូវរាល់សកម្មភាពក្មេងទំនើង អាណា ចារល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបញ្ហាគ្រឿងញៀនបន្ត និងពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រក ចេញចូលតែមួយប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ការជឿទុកចិត្តពីប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ សាមគ្គីភាព ឯកភាព ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ច ដែលថ្នាក់ ដឹកនាំប្រគល់ជូន។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បាន ផ្តល់អនុសាសន៍ ផ្តាំផ្ញើនូវកិច្ចការមួយចំនួនដល់អភិបាលស្រុកដែលទេីបតែងតាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរជាមួយមន្ត្រីក្រោមឱវាទ មិនត្រូវមានការបែងចែកជាបក្ខជាពួក។

នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជេីញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់មុខតំណែងលោក រ័ត្ន ដាស៊ីណង់ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ស្រុកមង្គលបូរី ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកថ្មពួក ជំនួសលោក អែម សុខា ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកថ្មពួក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ជំនួសលោក កែវ តារារស្មី ឋានន្តរសក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាល ស្រុកអូរជ្រៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកមង្គលបូរី។ ចំពោះប្រកាសតែងតាំងអភិបាលស្រុកអូរជ្រៅ និងអភិបាលស្រុកមង្គលបូរី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៦៕ដោយ៖ឃិន គន្ធា