ខេត្តមណ្ឌលគិរី៖ នៅក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ស្របតាមទិសដៅលុបបំបាត់បទល្មើសបច្ចេកវិទ្យា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហរជាបន្ទាន់មួយ ទៅលើទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ដែលសង្ស័យថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ ត្រូវបានធ្វើឡើងនាវេលាម៉ោង ៩ និង២៦ នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំនិងចង្អុលបង្ហាញផ្ទាល់ពី លោក គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ព្រមទាំងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពច្បាប់ ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក មាស ចន្នី អភិបាលរងក្រុង និងមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឲ្យដឹងថា បានចុះឆែកឆេរទីតាំង «រីស៊ត គុជសារ» ដែលស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ សមត្ថកិច្ចបានរកឃើញជនជាតិចិនសរុបចំនួន ៣០ នាក់ (ស្រី ២ នាក់) ក្នុងនោះ ១៧ នាក់ (ស្រី ១ នាក់) ត្រូវបានរកឃើញ និងឃាត់ខ្លួនភ្លាមៗនៅក្នុងទីតាំងនោះតែម្តង។ ដោយឡែក ១៣ នាក់ទៀត (ស្រី ១ នាក់) បានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ឃាត់ខ្លួនបានមកវិញទាំងអស់។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ Laptop ២ គ្រឿង, ទូរស័ព្ទដៃ ១២ គ្រឿង, IPad ២ គ្រឿង, លិខិតឆ្លងដែន ៣០ ក្បាល (ក្នុងនោះមាន ១ ក្បាលផុតសុពលភាពទិដ្ឋាការ) ព្រមទាំងសម្ភារៈស្នាក់នៅមួយចំនួន (គ្រែ ២ ជាន់ និងកៅអី) ដែលលាក់ទុកក្នុងឃ្លាំងចំនួន ២។
សមត្ថកិច្ចខេត្តបានឲ្យដឹងទៀតថា ផ្អែកលើភស្តុតាង និងការពិនិត្យទីតាំងជាក់ស្តែង កម្លាំងជំនាញបានសន្និដ្ឋានថា ជនជាតិចិនទាំង ៣០ នាក់នេះ គឺជាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស Online Scams ដែលបានចាកចេញពីតំបន់ផ្សេង មកសម្ងំលាក់ខ្លួនក្នុងខេត្តទេសចរណ៍មួយនេះ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ច។
ការបង្ក្រាបទាន់ពេលវេលានេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកងកម្លាំងនគរបាលជាតិ ក្នុងការការពារសន្តិសុខឌីជីថល ធានាសុវត្ថិភាពសង្គម និងទប់ស្កាត់មិនឲ្យទឹកដី នៃខេត្តទេសចរណ៍ធម្មជាតិ ដ៏ប្រណីតរបស់កម្ពុជា ក្លាយជាជម្រករបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣០ នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕ ដោយ៖ឡុង សំបូរ





































