ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អនុម័តរបាយការណ៍ខែឧសភា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ និងជំរុញយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈម ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ!

0

ខេត្តស្ទឹងត្រែង៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ ដើម្បីបូកសរុបលទ្ធផលការងារខែចាស់ និងលើកទិសដៅអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែរីកចម្រើន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ​។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក ស៊ី សួន អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះគណៈអភិបាលខេត្ត ជាពិសេស លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងគ្រប់គ្រងរដ្ឋបាលខេត្ត ឱ្យទទួលបាននូវការអភិវឌ្ឍយ៉ាងលេចធ្លោ គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។

លោក ឈាង ឡាក់ បានថ្លែងសង្កត់ធ្ងន់ថា «សមិទ្ធផលវិជ្ជមាន និងការរីកចម្រើនឥតឈប់ឈររបស់ខេត្តស្ទឹងត្រែងនាពេលនេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការគ្នាជាធ្លុងមួយ ក្នុងការបម្រើសេវាសាធារណៈ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ»។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អង្គប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈស្នូលជាច្រើន រួមមាន៖ ពិនិត្យកូរ៉ុម និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៤​ ,ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់ខែបន្ទាប់ ,ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់មន្ត្រីបុគ្គលិក ,ស្តាប់ការជូនដំណឹង ស្តីពីការរៀបចំបូកសរុបលទ្ធផល ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ពាក់កណ្តាលអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំទាំងមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយសមាជិកនៃអង្គប្រជុំ បានចូលរួមពិភាក្សាយ៉ាងផុសផុល និងត្រង់ទៅត្រង់មក។ ក្រៅពីលទ្ធផលការងារដែលសម្រេចបាន អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីរួមគ្នាស្វែងរកឫសគល់នៃបញ្ហា និងដោះស្រាយប្រកបដោយភាពវៃឆ្លាត យុទ្ធសាស្ត្រ និងទន់ភ្លន់ ក្នុងគោលបំណងកែលម្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅធានាឱ្យបាននូវការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបញ្ចប់ទៅប្រកបដោយលទ្ធផលផ្លែផ្កា និងឈានទៅសម្រេចបាននូវការឯកភាពគ្នាយ៉ាងខ្ពស់ លើគ្រប់របៀបវារៈ ដែលជាត្រីវិស័យមួយយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ដោយ៖ឡុង សំបូរ