សៀមរាប៖ ព្រះសង្ឃតែងតែបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ និងការងារសង្គមផ្សេងៗ ជាពិសេសនៅតាមតំបន់ជួបការលំបាក និងដាច់ស្រយាល។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ព្រះធម្មានុរក្ខ័ញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈកិត្តិយស និងជាព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំព្រះសង្ឃជាព្រះចៅអធិការតាមបណ្តាវត្តមួយចំនួនក្នុងក្រុងសៀមរាប រួមជាមួយមហាឧបាសិកាពុទ្ធសាសនូប្បត្ថម្ភក៍ ស៊ិន លំអង នាំយកសម្ភារសិក្សា និងថវិកាទៅចែកជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៅសាលាបឋមសិក្សាកែវពេជ្រ ស្ថិតក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ព្រះធម្មានុរក្ខ័ញាណ ស៊ុម ពិសិទ្ធិ មានថេរដីកាថា ការចែកជូនសម្ភារសិក្សាដែលមានដូចជា សៀវភៅ ប៊ិក ខ្មៅដៃ និងថវិកាមួយចំនួននៅពេលនេះ គឺដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ក្មួយៗសិស្សានុសិស្ស។ ក្រៅពីនេះ ក្រុមការងារក៏បានផ្តល់ជូននូវផ្ទាំងសូឡា និងថវិកាលើកទឹកចិត្តមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សផងដែរ។ ព្រះអង្គមានថេរដីកាបន្តថា ការឧបត្ថម្ភនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ ដើម្បីកសាងធនធានមនុស្សឱ្យមានគុណភាព ឧត្តមភាព និងសីលធម៌ សម្រាប់ក្លាយជាអ្នកបន្តវេនដ៏ល្អរបស់ជាតិ និងសាសនា។
ជាមួយគ្នានោះដែរ ព្រះធម្មានុរក្ខ័ញាណ ក៏បានផ្តល់ឱវាទផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម ជាពិសេសអាចជួយជ្រោមជ្រែងគ្រួសារឱ្យចាកផុតពីភាពក្រីក្រ។ ព្រះអង្គក៏បានស្នើដល់លោកគ្រូអ្នកគ្រូ ជួយបណ្តុះបណ្តាល និងតម្រង់ទិសដៅសិស្សានុសិស្សឱ្យដើរលើផ្លូវល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សីប្រកបដោយគុណភាព ទោះបីជាសាលានេះស្ថិតនៅតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។
លោក ចិន ជាន នាយកសាលាបឋមសិក្សាកែវពេជ្រ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងសប្បុរសជនទាំងអស់ ដែលបានចុះមកជួយឧបត្ថម្ភដល់សាលា និងសិស្សានុសិស្ស។ លោកបានបញ្ជាក់ថា ជំនួយសម្ភារសិក្សា និងផ្ទាំងសូឡានៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបច្ចុប្បន្នសាលាបឋមសិក្សាកែវពេជ្រ មិនទាន់មានបណ្តាញអគ្គិសនីរដ្ឋតភ្ជាប់មកដល់នៅឡើយទេ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា





































