សៀមរាប៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំឭក និងចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនរហូតដល់បច្ចុប្បន្ន។
លោក នាក់ ណេរ៉ុន អភិបាលងខេត្ត និងជាអនុប្រធានទទួលបន្ទុកសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត មានប្រសាសន៍ថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែលប្រារព្ធឡើងដើម្បីលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន។ ជាមួយគ្នានេះ ពិធីនេះក៏ដើម្បីបំផុសចលនាគាំទ្រ លើកកម្ពស់តួនាទីរបស់ពួកគាត់ក្នុងសង្គមជាតិ និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជនឱ្យសក្ដិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយគុណភាព ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។
លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ។ ដើម្បីជាការតបស្នងគុណូបការៈ រដ្ឋាភិបាលបានកសាងទាំងតំបន់ប្រវត្តិសាស្ត្រយោធា វិមានរំលឹកគុណ និងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅតាមបណ្តាខេត្តនានា ដើម្បីចារិកទុកជាថ្នាលបណ្តុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម” សម្រាប់អ្នកជំនាន់ក្រោយចងចាំរៀនសូត្រ និងគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងវីរជនស្នេហាជាតិទាំងអស់។
របាយការណ៍របស់ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន ក្នុងខេត្តសៀមរាប មានអតីតយុទ្ធជន និងនិវត្តជន កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ សរុបចំនួន ៩ ៣៣4 នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ១២ ៤៦១ នាក់ ដោយបានចំណាយថវិកាសរុបចំនួន ៥ ៨៥៥ ៩២៣ ៣៤២ រៀល គិតត្រឹមខែឧសភា ឆ្នាំ២០២៦។ គិតចាប់ពីខែមេសា ឆ្នាំ២០២base មក រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែអប្បបរមាជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ព្រមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌផងដែរ។
សូមជម្រាបផងដែរថា ក្នុងឱកាសប្រារព្ធខួបលើកទី១៩ នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងសមាជិក សមាជិកា បានអញ្ជើញប្រគល់វត្ថុអនុស្សាវរីយ៍ និងស្បៀងអាហារជូនដល់អតីតយុទ្ធជន និងនិវត្តជនចំនួន ២៥០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, មីជាតិ ១ កេស និងថវិកាចំនួន ៥ ម៉ឺនរៀល៕
ដោយប៊ុនរដ្ឋា





































