កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកថា ការចូលរួមក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវ ១០០ខ្ទះ គឺបង្ហាញពីការលើកកម្ពស់សាមគ្គីភាព រវាងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមថ្លែងបែបនេះក្នុង ឱកាសរួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមចាក់ បាញ់ឆែវសាមគ្គី ជាមួយបងប្អូនសហគមន៍កោះថ្មី ស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន ស្រុក កោះសូទិន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការចូលរួមក្នុងព្រឹត្តិការណ៍ចាក់បាញ់ឆែវនេះ គឺមិនត្រឹមតែជាការសប្បាយរីករាយ ប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាការបង្ហាញពីភាពរឹងមាំនៃសហគមន៍ និងការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានឧបត្ថម្ភ ថវិកាចំនួន ៣លានរៀល និងភេសជ្ជៈមួយចំនួន ជូនដល់បងប្អូនសហគមន៍បញ់ឆែវកោះថ្មី ដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែអធិកអធម្មផងដែរ។
បើតាមគណៈកម្មការរៀបចំពិធីនេះ បានឱ្យដឹងថា ការចាក់បាញឆែវមហាសាមគ្គីនេះ គឺបងប្អូនសហគមន៍កោះថ្មី តែងតែធ្វើឡើងក្នុងអំឡុងខែមិថុនា ជារៀងរាល់ឆ្នាំ ពោលគឺតែងតែធ្វេីឡេីងនារដូវស្លឹកឈើលាស់ និងមានអាកាសធាតុត្រជាក់ ដោយមានខ្ទះសរុបចំនួន១០០ខ្ទះ សម្រាប់ធ្វើការចាក់បាញ់ឆែវ រាប់ពាន់បន្ទះ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសាដោយឥតគិតថ្លៃ ក្នុងឱកាសនេះ ៕





































