​ស្រុកជីក្រែង និងសូទ្រនិគម បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ជលផល និងពង្រឹងការបង្ក្រាបបទល្មើសក្នុងរដូវត្រីពងកូន

0

សៀមរាប៖ ផ្នែករដ្ឋបាលជលផលដំដែក សហការជាមួយអាជ្ញាធរស្រុកជីក្រែង និងស្រុកសូទ្រនិគម ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦ និងការប្រើប្រាស់ឧបករណ៍នេសាទខ្នាតតូច ជូនដល់ប្រជានេសាទក្នុងមូលដ្ឋាន ដើម្បីចូលរួមការពារធនធានធម្មជាតិ និងមច្ឆាជាតិក្នុងរដូវត្រីពងកូន។
​យុទ្ធនាការចុះផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំណែនាំពីសំណាក់ លោក អ៊ុក គឹមលាង អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដោយជម្រុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មានវិធានការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិក្នុងមូលដ្ឋានរៀងៗខ្លួន។
​ជាកិច្ចបន្ត នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទ និងឧបសម្ព័ន្ធឧបករណ៍នេសាទខ្នាតតូច ជូនដល់ប្រជាអ្នកនេសាទក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងពលតូចង៧០ អាជ្ញាធរភូមិ-សហគមន៍នេសាទមាត់ខ្លា និងស្ទឹងជ្រៅ ព្រមទាំងប្រជាការពារ និងប្រជានេសាទ សរុបចំនួន ៩០នាក់ (ស្រី ១៦នាក់) នៅបរិវេណវត្តមាត់ខ្លា។
​ដោយឡែក នៅក្នុងស្រុកសូទ្រនិគម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម ក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដូចគ្នានេះដែរ ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង ក្រោមអធិបតីភាព លោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម។ សមាសភាពចូលរួមរួមមាន លោក ពត វណ្ណដេត នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប, នាយរងរដ្ឋបាលសាលាស្រុក, លោក ប៉ា ប៉ូរ មេឃុំកំពង់ឃ្លាំង, ក្រុមប្រឹក្សាឃុំ, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក, កងកម្លាំងយោធា, អាវុធហត្ថស្រុក, ឧទ្យានុរក្ស, សហគមន៍នេសាទ និងប្រជានេសាទ សរុបចំនួន ៣៥៩នាក់ (ស្រី ១៨១នាក់) នៅទីធ្លាវត្តកំពង់ឃ្លាំង។
​ក្នុងឱកាសនោះ លោក ពត វណ្ណដេត នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប និងលោក សរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក បានពន្យល់ណែនាំអំពីច្បាប់ស្តីពីជលផលក្នុងរដូវបិទនេសាទ ដោយបញ្ជាក់ថា ក្នុងរដូវដែលត្រីពងកូននេះ បងប្អូនប្រជានេសាទត្រូវប្រើប្រាស់តែឧបករណ៍នេសាទខ្នាតតូចដែលច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
​ទន្ទឹមនឹងនោះ លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង និងលោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ជលផលឱ្យបានខ្ជាប់ខ្ជួន។ ថ្នាក់ដឹកនាំស្រុកទាំងពីរ ក៏បានណែនាំដល់មន្ត្រីជំនាញជលផល កម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងគោលបំណងរក្សាលំនឹងអេកូឡូស៊ី និងការពារជីវៈចម្រុះមច្ឆាជាតិឱ្យបានគង់វង្ស៕
រាយការណ៍ដោយ៖ អ៊ុក ផ្លុង