ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប៖ ពីអតីតរាជធានីឧស្សាហកម្មរ៉ែដែកបុរាណ មកជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏មានសក្តានុពល!

0

ខេត្តព្រះវិហារ៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មិនត្រឹមតែជាជម្រកនៃជីវៈចម្រុះ និងព្រៃឈើដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែទីនេះគឺជា «បេះដូងនៃអាណាចក្រឧស្សាហកម្មដែកបុរាណ» ដែលបានទ្រទ្រង់នូវភាពរុងរឿង នៃអរិយធម៌អង្គរដ៏ខ្ពង់ខ្ពស់។

នៅពីក្រោយផ្ទាំងទស្សនីយភាពនៃព្រៃព្រឹក្សាដ៏ខៀវស្រងាត់ និងខ្យល់អាកាសដ៏បរិសុទ្ធនៃតំបន់ភាគខាងជើងប្រទេសកម្ពុជា «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» គឺជា «សារមន្ទីររស់» ដ៏មានតម្លៃមហាសាល ដែលកំពុងលាក់ខ្លួនដាស់ស្មារតីកូនខ្មែរ ឱ្យនឹកឃើញដល់ភាពរុងរឿង នៃប្រាជ្ញាញាណបុព្វបុរសនាសម័យបុរាណ។

ទីតាំងស្នាក់ការបំពេញបេសកកម្មនៃឧទ្យានជាតិមួយនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារ និងអភិវឌ្ឍន៍ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងជីវៈចម្រុះ ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ជាតិ ជាកេរដំណែលឧស្សាហកម្មដែកខ្មែរ និងជាភស្តុតាងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ ក្រៅពីភាពទាក់ទាញនៃជួរភ្នំ ព្រៃឈើក្រាស់ឃ្មឹក និងសត្វព្រៃចម្រុះប្រភេទ អ្វីដែលធ្វើឱ្យឧទ្យានតេជោសែន ឫស្សីត្រឹប មានលក្ខណៈពិសេសលើសពីតំបន់ការពារដទៃទៀត គឺការរកឃើញ «ឧស្សាហកម្មរ៉ែដែកបុរាណ»។

ដើម្បីស្វែងយល់ និងជំរុញការអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រនេះ ឱ្យក្លាយជាផលិតផលទេសចរណ៍លំដាប់ជាតិ កាលពីថ្ងៃទី១៥ ឧសភា ២០២៥ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយប្រតិភូអមដំណើរ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ដោយផ្ទាល់នៅ «សារមន្ទីរឡស្លរ៉ែដែកបុរាណ» ស្ថិតក្នុងដែនឧទ្យានជាតិមួយនេះ នៃស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ហួត ហាក់ ​បានវាយតម្លៃខ្ពស់ ចំពោះតម្លៃមិនអាចកាត់ថ្លៃបាន នៃសារមន្ទីរបុរាណវត្ថុវិទ្យាមួយនេះ ដែលជាឃ្លាំងផ្ទុកនូវធនធានវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រស់រវើក។ ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«តំបន់ឧទ្យានតេជោសែន ឫស្សីត្រឹបនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជាយើង ពិសេសនៅក្នុងរដូវកាលបៃតង (Green Season) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តផង និងសិក្សាស្រាវជ្រាវផង»។

របកគំហើញអាថ៌កំបាំង ១០០០ឆ្នាំមុន នៃខឿនឧស្សាហកម្មទ្រទ្រង់មហានគរ គឺតាមរយៈនៃការស្រាវជ្រាវរួមគ្នា រវាងអ្នកជំនាញបុរាណវត្ថុវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញអន្តរជាតិ បានបង្ហាញភស្តុតាងយ៉ាងច្បាស់ថា ក្នុងរវាងសតវត្សរ៍ទី១១ ដល់ទី១៣ តំបន់ឧទ្យានជាតិនេះគឺជា «មជ្ឈមណ្ឌលឧស្សាហកម្មលោហៈកម្មដ៏ធំ និងសំខាន់បំផុតមួយក្នុងសម័យអាណាចក្រខ្មែរ និងក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ដែកដែលស្លរ និងផលិតចេញពីទីនេះ ត្រូវបានដឹកជញ្ជូនទៅកាន់រាជធានីអង្គរ ដើម្បីបម្រើឱ្យការសាងសង់ប្រាសាទបុរាណ ដូចជាការធ្វើជាស្នៀតដែក ឬឧបករណ៍ទល់ទ្រង់សំណង់ថ្មធំៗ ការផលិតឧបករណ៍បង្កបង្កើនផល ជួយជម្រុញសេដ្ឋកិច្ចជាតិ ការផលិតយុទ្ធោបករណ៍ (ដាវ លំពែង ផ្គាក់…) សម្រាប់កងទ័ពការពារទឹកដី។

បច្ចុប្បន្ន នៅក្នុងឧទ្យានតេជោសែន ឫស្សីត្រឹប ត្រូវបានរកឃើញតំបន់ឡស្លរ៉ែដែកបុរាណធំៗចំនួន ៤តំបន់ ដែលក្នុងនោះរួមមាន៖ ទីទួលឡដែកបុរាណចំនួន ៥៥កន្លែង ត្រពាំងសន្លុងចំនួន ២៩ និងភូមិបុរាណចំនួន ៣ទៀតផងដែរ។ វត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវត្ថុវិទ្យា បានបើកបង្ហាញឱ្យឃើញនូវទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យ អំពីរបៀបរស់នៅ សេដ្ឋកិច្ច បច្ចេកទេស និងបញ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ដូនតាខ្មែរ ក្នុងការចេះកែច្នៃរ៉ែដែកតាំងពីប្រមាណ ១,០០០ឆ្នាំមុន។

ដើម្បីបន្តស្វែងរកការពិត និងសរសេរប្រវត្តិសាស្ត្រលោហៈកម្មខ្មែរ ឱ្យកាន់តែស៊ីជម្រៅ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត ឈឹម សុខាន់ដារា និង លោកបណ្ឌិត ជា ចន្ថា ដោយមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន បានសហការយ៉ាងជិតស្និទ្ធជាមួយ សាស្ត្រាចារ្យបណ្ឌិត UCHIDA Etsuo និងសហការីបីនាក់ មកពីសាកលវិទ្យាល័យ វ៉ាសេដា (Waseda University) នៃប្រទេសជប៉ុន។

នៅក្នុងបេសកកម្មចុះស្រាវជ្រាវរួមគ្នា ក្រុមការងារបានចុះប្រមូលសំណាកដុំរ៉ែដែក និងធ្យូង (Carbon) ដែលបង្កប់នៅក្នុងអាចម៍ដែក (Slag) នៅទីតាំងបណ្តុំទួលអាចម៍ដែក ក្នុងតំបន់ត្រពាំងត្រឹប ស្រុកឆែប ខេត្តព្រះវិហារ។ ជាលទ្ធផល ក្រុមការងារបានរកឃើញ៖ សំណាកធ្យូង (Carbon) ចំនួន ៣ដុំ ចេញពីចំណែកអាចម៍ដែក ដើម្បីយកទៅវិភាគកាបូនវិទ្យុសកម្ម (Radiocarbon Dating) ក្នុងការកំណត់អាយុកាលជាក់លាក់នៃឡស្លនីមួយៗ ,ដុំរ៉ែម៉ង់ហ្គាណេស (Manganese) ចំនួន ១ដុំ ដែលជាសមាសធាតុសំខាន់មួយ ប្រើប្រាស់ក្នុងដំណើរការស្លររ៉ែដែកបុរាណ ,ស្លាកស្នាមអាចម៍ដែក (Slag) និងសំណល់ឡស្លទាំងនេះ គឺជាភស្តុតាងវិទ្យាសាស្ត្រមិនអាចប្រកែកបាន ដែលបង្ហាញពីទេពកោសល្យ និងការចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនវានុវត្តន៍របស់បុព្វបុរសខ្មែរ តាំងពីសម័យមុនអង្គរ រហូតដល់សម័យអង្គរ។

កេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងប្រែក្លាយទៅជា «មេដែក» ស្រូបទាញភ្ញៀវទេសចរ។ តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជា ទីតាំងឡស្លរ៉ែដែកបុរាណនេះ នឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ទាក់ទាញបំផុត ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបានដើរកម្សាន្តក្នុងព្រៃព្រឹក្សាដ៏ស្រស់បំព្រងផង និងបានយល់ដឹងពីឫសគល់ នៃខឿនឧស្សាហកម្មខ្មែរបុរាណផងដែរ។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១ពាន់ ៤០០ហិកតា នៅជាប់នឹងរដ្ឋបាលឃុំចំនួន៣ នៃស្រុកឆែប គឺ ឃុំសង្កែ១ ,ឃុំឆែប១ និងឃុំឆែប២ ,ជាប់នឹងភូមិចំនួន៤ គឺ ភូមិគុណភាព ភូមិដងផ្លិត​ ភូមិសង្កែ និងភូមិឆែបកើត៕ ដោយ៖ឡុង សំបូរ