ខេត្តស្ទឹងត្រែង៖ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានបន្តពង្រីកកម្លាំងសាមគ្គីយ៉ាងរឹងមាំ ដោយបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៨៧ នាក់ នៅក្នុងឃុំកំភុន ស្រុកសេសាន ។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋាន និងថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ កាលពីថ្ងៃសៅរ៍ទី៦មិថុនា២០២៦ ចុងសប្តាហ៍មុននេះ នៅទីស្នាក់ការគណបក្សស្រុកសេសាន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សរ សុពុត្រា បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យ ផ្អែកលើសច្ចធម៌ប្រវត្តិសាស្ត្រ ក្នុងការចូលរួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់ដែលបានរំដោះជាតិ សង្គ្រោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ការពារឯករាជ្យ អធិបតេយ្យ និងកំពុងដឹកនាំអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
លោកប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំចុះជួបសួរសុខទុក្ខ និងពន្យល់ពីកម្មវិធីនយោបាយរបស់បក្ស ស្របតាមអភិក្រម «រក្សាចាស់ បង្កើនថ្មី» ដូចដែល សម្តេចតេជោប្រធានបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស តែងតែណែនាំ និងរំលឹកជាប្រចាំ។
លោក សរ សុពុត្រា បានរំលេចថា៖ «មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានប្រវត្តិដឹកនាំប្រទេសវែងឆ្ងាយជាងគេ និងបន្តទទួលបានការគាំទ្រយ៉ាងលើសលប់ពីប្រជាពលរដ្ឋ ព្រោះយើងមានរចនាសម្ព័ន្ធច្បាស់លាស់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងមានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព ព្រហ្មវិហារធម៌ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាជាតិ»។
លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ ត្រូវឈ្វេងយល់ពីចក្ខុវិស័យរបស់បក្ស គោរពលក្ខន្តិកៈ ច្បាប់រដ្ឋ និងប្រកាន់ខ្ជាប់នូវសីលធម៌ល្អ រក្សាសាមគ្គីភាពជាធ្លុងមួយ ក្រោមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»។ ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យថ្នាក់ដឹកនាំបក្សមូលដ្ឋាន ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីឆ្ពោះទៅដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះផងដែរ៕ដោយ៖ឡុង សំបូរ






































