គ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅស្រុកកំពង់លែង បំផ្លាញផ្ទះសម្បែង និងលិចទូកបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់

0

កំពង់ឆ្នាំង គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងក្លាបណ្តាលឱ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនខ្នង ព្រមទាំងបង្កឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខ្យល់កន្ត្រាក់នេះបានបង្កផលប៉ះពាល់ដល់ឃុំចំនួន ០៦ នៅក្នុងស្រុកកំពង់លែង ដោយក្នុងនោះរួមមាន៖ ខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៤ខ្នង (រលំបាក់រាបដល់ដី ០៤ខ្នង និងរបើកដំបូល ១០ខ្នង), របើកដំបូលសាលាបុណ្យ ០១ខ្នង, ដួលផ្លាកគណបក្ស ០១ផ្ទាំង និងក្រឡាប់កាណូតឈើ ០១គ្រឿង ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ០២នាក់។
​ស្ថានភាពខូចខាតនៅតាមឃុំនីមួយៗរួមមាន៖
ឃុំកំពង់ហៅ៖ នៅចំណុចទន្លេស្តីកោង ភូមិកោះក្អែក មានករណីក្រឡាប់កាណូតឈើ ០១គ្រឿង បណ្តាលឱ្យមនុស្សប្រុសចំនួន ០២នាក់ ស្លាប់បាត់បង់ជីវិត។
ឃុំត្រងិល៖ រលំផ្ទះដល់ដីទាំងស្រុងចំនួន ០១ខ្នង។
ឃុំច្រណូក៖ ដួលរលំផ្ទះទាំងស្រុងចំនួន ០២ខ្នង និងរបើកដំបូលចំនួន ០១ខ្នង។
ឃុំដារ៖ ដួលរលំផ្ទះទាំងស្រុងចំនួន ០១ខ្នង និងរបើកដំបូលចំនួន ០៨ខ្នង។
ឃុំប្រឡាមាស៖ រងការខូចខាតរបើកដំបូលសាលាបុណ្យចំនួន ០១ខ្នង។
ឃុំស្វាយរំពារ៖ រងការខូចខាតរបើកដំបូលផ្ទះចំនួន ០១ខ្នង និងដួលរលំផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន ០១ផ្ទាំង។
​បច្ចុប្បន្ន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានកំពុងចុះជួយអន្តរាគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបន្តទៀត៕