ដីព្រៃលិចទឹកជិត ២ហិកតានៅជលគីរី ត្រូវរងការឈូសឆាយយ៉ាងរលូន៖ ពលរដ្ឋសួរថា តើអាជ្ញាធរ«ងងឹតភ្នែក ថ្លង់ត្រចៀក» ឬមានចេតនាបើកដៃ?

0

ខេត្តកំពង់ឆ្នាំង ធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលជាជម្រកមច្ឆជាតិដ៏មានតម្លៃ ស្រាប់តែត្រូវបានបំផ្លិចបំផ្លាញយ៉ាងអនាធិបតេយ្យ។ ករណីជនខិលខូចលួចឈូសឆាយទន្ទ្រានព្រៃលិចទឹកជិត ២ហិកតា នៅចំណុចបឹងប្រកៀបស្វាស្លាប់ ស្ថិតក្នុងភូមិគោជ្រំ ឃុំកោះថ្កូវ ស្រុកជលគីរី បាននិងកំពុងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីមហាជន ជុំវិញនឹងប្រសិទ្ធភាពនៃការយាមកាម និងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន។

សកម្មភាពជិត ១ខែ សំឡេងគ្រឿងចក្រទ្រហឹងអើងកង៖ ហេតុអ្វីសមត្ថកិច្ចមិនដឹង?
​ប្រភពពីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិបានទម្លាយឲ្យដឹងថា សកម្មភាពឈូសឆាយដីព្រៃលិចទឹកនេះ មិនមែនធ្វើឡើងត្រឹមមួយយប់មួយថ្ងៃនោះទេ ពោលគឺបានអូសបន្លាយពេលជិត ១ខែមកហើយ។ ជនខិលខូចមានល្បិចកលឈូសឆាយទុកឲ្យព្រៃងាប់ រួចរង់ចាំលួចដុតកម្ទេច ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
​អ្វីដែលជាសំណួរខ្សឹបខ្សៀវពេញភូមិ គឺក្នុងអំឡុងពេលធ្វើសកម្មភាព សំឡេងគ្រឿងចក្របានបន្លឺឡើងទ្រហឹងអើងកងពេញព្រៃ ប៉ុន្តែអាជ្ញាធរឃុំ ស្រុក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បែរជាធ្វើមិនដឹងមិនឮ រហូតទាល់តែព្រៃលិចទឹកត្រូវវិនាសអស់ជិត ២ហិកតា ទើបភ្ញាក់ផ្អើល។ តើនេះជាភាពកម្សោយនៃការគ្រប់គ្រង ឬមួយក៏មានការ «បើកភ្លើងខៀវ» ពីសំណាក់មន្ត្រីខិលខូចណាម្នាក់នៅពីក្រោយខ្នង?
​ចំណាត់ការតាមក្រោយ និងការឆ្លើយដោះសាររបស់អាជ្ញាធរ
​ទាក់ទិននឹងការរិះគន់ខាងលើ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី បានទទួលស្គាល់ថា ក្រោយទទួលបានព័ត៌មាន លោកបានចាត់ឲ្យអភិបាលរងស្រុកម្នាក់ ចុះទៅពិនិត្យជាក់ស្តែង និងបានឃើញថាពិតជាមានការឈូសឆាយប្រាកដមែន។ លោកបានបន្តថា បច្ចុប្បន្នកំពុងឲ្យក្រុមការងារជំនាញជលផលកសាងសំណុំរឿង ដោយធ្វើការស្រាវជ្រាវទៅលើអ្នកដែលមានដីជុំវិញនោះ។
​ទោះជាយ៉ាងណា ការឆ្លើយតបបែបនេះ មិនទាន់អាចជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋបានឡើយ។ ពលរដ្ឋយល់ថា នេះជាចំណាត់ការបែប «ទូកទៅ ទើបច្រវាចែវ»«ទាល់តែបែកការណ៍ ទើបនាំគ្នាផ្អើល»។ បើគ្មានការរាយការណ៍ពីពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយទេ ម៉្លេះសមដីព្រៃលិចទឹកតំបន់នោះ ប្រហែលជាត្រូវរលាយរលត់ក្លាយជាកម្មសិទ្ធិឯកជនអស់បាត់ទៅហើយ។
​សំណូមពរ៖ ត្រូវស្វែងរក «មេខ្លោង» និងមន្ត្រីរួមគំនិតមកផ្តន្ទាទោស
​ព្រៃលិចទឹកជុំវិញបឹងទន្លេសាប គឺជាតំបន់ការពារយ៉ាងម៉ឺងម៉ាត់ដោយច្បាប់ ព្រោះវាជាទីជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។ ការបណ្តោយឲ្យមានការបំផ្លិចបំផ្លាញបែបនេះ គឺជាបទល្មើសឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
​ប្រជាពលរដ្ឋបានសម្តែងការសំណូមពរយ៉ាងទទូចដល់៖
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងក្រសួងពាក់ព័ន្ធ៖ មេត្តាចាត់វិធានការក្តៅ ចុះធ្វើអធិការកិច្ចស្រាវជ្រាវរកមុខសញ្ញាជនខិលខូចដែលបញ្ជាគ្រឿងចក្រមកផ្តន្ទាទោសតាមច្បាប់។
ដកហូតដីរដ្ឋមកវិញ៖ ត្រូវដកហូតដីដែលរងការទន្ទ្រាននោះមកជាសម្បត្តិរដ្ឋវិញជាដាច់ខាត។
ស៊ើបអង្កេតមន្ត្រីមូលដ្ឋាន៖ ត្រូវមានចំណាត់ការវិន័យ ឬផ្លូវច្បាប់ចំពោះមន្ត្រីណាដែលមានចេតនា លាក់បាំង បើកដៃ ឬរួមគំនិតជាមួយជនល្មើស ដើម្បីកុំឲ្យកើតមានវប្បធម៌ «ពុករលួយ ជិះសេះលែងដៃ» បែបនេះបន្តទៀត៕
ដោយ៖ ប៊ុន រដ្ឋា