សៀមរាប៖ កិច្ចប្រតិបត្តិការទ្រង់ទ្រាយធំកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ របស់កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកជីក្រែង ក្នុងការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់រហូតដល់ ២២ទីតាំង
គឺជាចំណាត់ការផ្លូវច្បាប់ដ៏ម៉ឺងម៉ាត់មួយដែលគួរឱ្យស្ងើចសរសើរ។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះក៏បានបន្សល់ទុកនូវសំណួរ និងមេរៀនសំខាន់ៗមួយចំនួន សម្រាប់ជាពុទ្ធិក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិនៅមូលដ្ឋាន។
ការដែលទីតាំងសិប្បកម្មខុសច្បាប់អាចរីកដុះដាលរហូតដល់ទៅ ២២កន្លែង ក្នុងស្រុកតែមួយ បង្ហាញថា យន្តការនៃការតាមដាន និងទប់ស្កាត់ដំណាក់កាលដំបូងនៅមានចន្លោះប្រហោង។ ប្រសិនបើអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ និងមានវិធានការក្តៅតាំងពីពេលចាប់ផ្តើមមានសកម្មភាពដំបូងៗ នោះបទល្មើសព្រៃឈើប្រាកដជាមិនអាចរីករាលដាលដល់កម្រិតនេះឡើយ ហើយវត្ថុធាតុដើម (ឈើខុសច្បាប់) ក៏មិនត្រូវរងការបំផ្លិចបំផ្លាញក្នុងបរិមាណច្រើននោះដែរ។
ដើម្បីឱ្យការការពារព្រៃឈើ និងធនធានធម្មជាតិមាននិរន្តរភាព ឆ្លងតាមករណីស្រុកជីក្រែងនេះ ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ គួរពិចារណាលើចំណុចស្ថាបនាមួយចំនួន៖
ពង្រឹងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន៖ ត្រូវមានយន្តការសួរដេញដោល ឬពិនិត្យលើការរលាក់រលាំងនៃប្រព័ន្ធឃ្លាំមើលថ្នាក់ភូមិ-ឃុំ ដែលបណ្តោយឱ្យមានសិប្បកម្មខុសច្បាប់ដុះស្លែជាច្រើនកន្លែង។
បន្តអនុវត្តច្បាប់ដូចភ្លៀងរលឹម៖ យុទ្ធនាការបង្ក្រាបមិនគួរធ្វើឡើងតែមួយគ្រា ឬធ្វើឡើងតាមបែប «វាយស្មៅបង្អើលពស់» នោះទេ គឺទាមទារការចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាទីតាំងទាំងនោះមិនងើបឡើងវិញ។
បើកទូលាយ និងផ្សព្វផ្សាយច្បាប់៖ គួរមានការណែនាំ និងសម្របសម្រួលដល់អាជីវករដែលមានបំណងចង់ប្រកបរបរត្រឹមត្រូវ ឱ្យយល់ដឹងពីនីតិវិធីច្បាប់ និងការសុំអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
ការបង្ក្រាបបានជោគជ័យគឺជារឿងមួយ ប៉ុន្តែការទប់ស្កាត់មិនឱ្យកើតមានបទល្មើសទើបជាវិធានការចាក់ឫស។ សាធារណជនសង្ឃឹមថា ចំណាត់ការដ៏ក្តៅគគុកនៅស្រុកជីក្រែងនាពេលនេះ នឹងក្លាយជាគំរូឈានទៅដល់ការលុបបំបាត់រោងសិប្បកម្មខុសច្បាប់ទូទាំងខេត្តសៀមរាប ទាំងស្រុងនាពេលខាងមុខ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា




































