កំពង់ធំ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានដឹកនាំមន្ត្រីសហការី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត ៣០០នាក់ ចុះធ្វើដំកលយុទ្ធនាការសម្អាតភូមិឋាន និងដាំកូនឈើ ស្ថិតនៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកអភិបាលក្រុងស្ទឹងសែន បានលើកឡើងថា យុទ្ធនាការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សិស្សានុសិស្ស សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីការទុកដាក់កាកសំណល់ និងសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងស្វែងយល់ពីសារសំខាន់នៃការដាំដើមឈើ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកបានសង្កត់ធ្ងន់ថា ការបង្កើតទម្លាប់ទុកដាក់សំរាមបានល្អ គឺដើម្បីបញ្ជ្រាបសាររំលឹកមួយថា «ភូមិឋានស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា»។
លោកអភិបាលក្រុងបានបន្ថែមថា៖
«យុទ្ធនាការនេះ មិនមែនធ្វើឡើងសម្រាប់តែភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ មួយនោះទេ ប៉ុន្តែវាជាគំរូមួយសម្រាប់ភូមិដទៃទៀត ក្នុងការចូលរួមសម្អាតបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ»។
ជាមួយគ្នានេះដែរ លោក ឡង គីសឹង ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយយ៉ាងសកម្មដល់សហគមន៍ ជាពិសេសជំរុញការដាំកូនឈើ និងសម្អាតបរិស្ថាននៅក្នុងបរិវេណសាលារៀន។ ការធ្វើបែបនេះ មិនត្រឹមតែជួយបង្កើតបៃតង និងមានម្លប់ត្រជាក់សម្រាប់សិស្សានុសិស្សលេងកម្សាន្ត និងសិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន និងការយល់ដឹងពីបញ្ហាប្រែប្រួលអាកាសធាតុទៅថ្ងៃអនាគតផងដែរ។![]()
![]()








































