កំពង់ចាម: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តកំពង់ចាម ដោយលោក ផេន សុផល ត្រូវបានតែងតាំងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម ជំនួសលោក ហាន កុសល ដែលត្រូវទទួលភារកិច្ចថ្មី ។ ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា
ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលការតែងតាំងថ្មី លោកផេន សុផល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បាន ធ្វើការប្តេជ្ញាចិត្ត បំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈ មោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់ កណ្តាលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសកម្មភាពយុវជនក្នុង ការចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ អំពីការរីកលូតលាស់ និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកំពង់ចាម ហើយតែងតែចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះឯកឧត្តមក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងការ បំពេញបេសសកម្ម ធ្វើកិច្ចការងារសង្គម និងកាងារស្ម័គ្រចិត្តផងដែរ ៕






































