អាជ្ញាធរខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធរួមដៃគ្នាពង្រឹងការអនុវត្តច្បាប់ និងស្វែងរកដំណោះស្រាយបញ្ចប់ការទន្ទ្រានដីធ្លីក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប!

0

ខេត្តព្រះវិហារ៖ កិច្ចពិភាក្សារួមគ្នាមួយ រវាងអាជ្ញាធរខេត្តព្រះវិហារ ស្រុកឆែប មន្ត្រីជំនាញពាក់ព័ន្ធគ្រប់វិស័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានរៀបចំឡើងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាស្ថាពរ ចំពោះបញ្ហាប្រឈមនានា ដែលកំពុងសេសសល់ក្នុងតំបន់ការពារធម្មជាតិមួយនេះ កាលពីពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនាឡើង ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញនូវឆន្ទៈរួម និងទស្សនៈឯកភាពគ្នាថា បញ្ហាដែលមានស្រាប់ ត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព យុត្តិធម៌ និងឈរលើគោលការណ៍ឈ្នះ-ឈ្នះ។ គោលបំណងសំខាន់ គឺដើម្បីបញ្ចប់ជម្លោះទាំងស្រុង និងទប់ស្កាត់កុំឱ្យមានការកើតឡើងជាថ្មី នូវរាល់បាតុភាពអសកម្មនានានៅពេលអនាគត។

អង្គប្រជុំបានសង្កត់ធ្ងន់ថា ការអភិរក្សតំបន់ការពារធម្មជាតិ ដ៏មានសារៈសំខាន់មួយនេះ ដាច់ខាតត្រូវតែធានាឱ្យបាននូវសុចរិតភាព នៃធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ យន្តការគ្រប់គ្រងនឹងមិនអនុញ្ញាតឱ្យមានសកម្មភាពទន្ទ្រានដីព្រៃ ការពង្រីកការកាន់កាប់ដីធ្លីខុសច្បាប់ ការសាងសង់សំណង់ ឬការប្រើប្រាស់ដីផ្ទុយពីច្បាប់ និងផែនការមេរបស់តំបន់អភិរក្សឡើយ។

ផ្អែកលើស្មារតីនីតិរដ្ឋ និងការអនុវត្តច្បាប់ដោយស្មើភាព វិធានការផ្សព្វផ្សាយ អប់រំ ណែនាំ និងការបង្កើនការយល់ដឹងដល់សហគមន៍មូលដ្ឋាន ត្រូវបានអាជ្ញាធរអនុវត្តជាបន្តបន្ទាប់អស់រយៈពេល ៨ ឆ្នាំកន្លងមកហើយ។ ដូច្នេះ ចំពោះករណីបុគ្គលដែលនៅតែបន្តប្រព្រឹត្តល្មើស ឬរឹងរូសមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច វិធានការច្បាប់នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងធានាថា ឧទ្យានជាតិមួយនេះនឹងត្រូវការពារឱ្យស្ថិតស្ថេរយូរអង្វែង។

អង្គប្រជុំបានអំពាវនាវថា ការអភិរក្សធនធានធម្មជាតិ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែ វាជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់គ្នា ក្នុងការរួមគ្នារក្សាទុកមរតកធម្មជាតិ ដ៏មានតម្លៃមហាសាលនេះ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយតទៅ៕ដោយ៖ឡុង សំបូរ