ប្រជាពលរដ្ឋក្រុងស្ទឹងត្រែងលើកឡើងជាង ២០សំណួរ ក្នុងវេទិកាពិគ្រោះយោបល់ ខណៈអាជ្ញាធរបើកទំព័រដោះស្រាយភ្លាមៗ !

0

ខេត្តស្ទឹងត្រែង៖ នៅក្នុងរបត់ថ្មីនៃការលើកកម្ពស់តម្លាភាព និងការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ អាជ្ញាធរក្រុងស្ទឹងត្រែង បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ដោយទទួលបានសំណួរ និងកង្វល់ផ្ទាល់ពីពលរដ្ឋចំនួន ២៥ករណី ក្នុងនោះ ២៣ករណី ត្រូវបានដោះស្រាយ និងបកស្រាយបំភ្លឺភ្លាមៗនៅនឹងកន្លែង។

វេទិកាសាធារណៈដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវត្តជោតិញារាម (ហៅវត្តគីឡូ៨) ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមវត្តមាន លោក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង និងលោក លី មីណា អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង ដោយមានការចូលរួមយ៉ាងកុះករពីតំណាងសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋាន។

របៀបវារៈចម្បងៗចំនួន ៤ ដែលត្រូវបានលើកយកមកជជែកដេញដោល និផ្សព្វផ្សាយស៊ីជម្រៅនៅក្នុងវេទិកានោះ រួមមាន៖ ការពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ,ការលើកកម្ពស់វិស័យសុខាភិបាល និងសុខភាពសាធារណៈ, ការពង្រឹងគុណភាពអប់រំ និងការសិក្សារបស់គ្រូនិងសិស្ស និងការអភិវឌ្ឍវិស័យកសិកម្ម ការបង្កបង្កើនផល និងការស្វែងរកទីផ្សារការងារជូនពលរដ្ឋ។

ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង លោក សៀ ហេង បានគូសបញ្ជាក់ថា វេទិកានេះជាឧបករណ៍ប្រជាធិបតេយ្យដ៏សំខាន់ ក្នុងការជំរុញឲ្យពលរដ្ឋចូលរួមស្ថាបនា និងតាមដានការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបន្តថា៖ «អាជ្ញាធរមិនអាចបំពេញភារកិច្ចបានល្អឥតខ្ចោះឡើយ បើគ្មានការចូលរួម និងការផ្តល់ព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ។ ការហ៊ាននិយាយ និងការចូលរួមរបស់ពលរដ្ឋ គឺជាសោរគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព»។

ស្របពេលជាមួយគ្នានេះ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង ក៏បានអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្រុង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈឲ្យកាន់តែលឿន មានគុណភាព និងឆាប់រហ័ស ពិសេសការធានាសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន។

ជាលទ្ធផលជាក់ស្តែងនៃវេទិកានេះ ក្នុងចំណោមសំណួរ និងសំណូមពរទាំង ២៥ ដែលពលរដ្ឋបានលើកឡើង អាជ្ញាធរក្រុងបានឆ្លើយតប និងដោះស្រាយបញ្ចប់ចំនួន ២៣សំណួរ រីឯ ០២សំណួរទៀត ដែលទាមទារការសិក្សាបច្ចេកទេសស៊ីជម្រៅ ត្រូវបានរដ្ឋបាលក្រុងកត់ត្រាទុក ដើម្បីបន្តយកទៅពិនិត្យ និងស្វែងរកដំណោះស្រាយសមស្រប ជូនពលរដ្ឋនាពេលក្រោយ  ស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន៕ដោយ៖ឡុង សំបូរ