ប្រតិបត្តិការក្តៅកណ្តាលព្រៃ៖ មន្ត្រីជំនាញដេញបង្ក្រាបក្រុមកាប់បំផ្លាញព្រៃ រឹបអូសឈើសុក្រំជាង ៤ម៉ែត្រគូប និងមធ្យោបាយល្មើសជាច្រើន !

0

ខេត្តមណ្ឌលគិរី៖ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ យ៉ាងក្តៅគគុកមួយ រយៈពេល ៨ថ្ងៃជាប់ៗគ្នា មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានបើកការដេញតាមប្រផាប់ប្រភីង រហូតដកហូតបានឈើអារប្រភេទលេខ១ (សុក្រំ) ជិត ១៥០កំណាត់ រួមទាំងគោយន្តកន្ត្រៃ និងម៉ូតូជាច្រើនគ្រឿង ខណៈក្រុមជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល ក្នុងភូមិសាស្ត្រស្រុកកោះញែក។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សកម្មភាពដេញប្រកិត និងការរត់គេចខ្លួន សេចក្តីរាយការណ៍ពីអង្គភាពជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី០១ មិថុនា ក្នុងពេលចុះល្បាតដល់ចំណុចដៃអូរជាវ (តាមបណ្តោយផ្លូវ៧៧) មន្ត្រីឧទ្យានុរក្សបានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាចំនួន ១១នាក់ កំពុងបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន ០៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំយ៉ាងអាណាធិបតេយ្យ។

ភ្លាមៗនោះ ពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានបន្ថែមល្បឿន បើកគោយន្តគេចខ្លួនរហូតដល់ចំណុចត្រពាំងកណ្តោល (និយាមកា 707247, 1431024)។ ដោយសារស្ថានភាពផ្លូវមានសភាពផុងខ្លាំង ក្រុមជនល្មើសបានសម្រេចចិត្ត ស្រាយខ្សែពួរទម្លាក់ឈើចោល  និងបានបន្សល់ទុកម៉ូតូម៉ាក Wave ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង (ដែលប្រើសម្រាប់ជិះមើលផ្លូវ) រួចបើកគោយន្តរត់បន្តទៅមុខ។

ទោះជាយ៉ាងណា មន្ត្រីជំនាញមិនបោះបង់ឡើយ ដោយបានដេញតាមរហូតដល់ចំណុចស្រែប៉ាង (និយាមកា 712723, 1436948) ក៏បានរកឃើញគោយន្តកន្ត្រៃចំនួន ០៣គ្រឿង ដែលជនល្មើសយកទៅលាក់ក្នុងព្រៃ រួចរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក គោយន្ត ០១គ្រឿងទៀត បានរត់គេចរួចស្របពេលដែលកម្លាំងមន្ត្រីមានចំនួនតិច និងស្ថានភាពមេឃងងឹតខ្លាំង។ វត្ថុតាងគោយន្ត ០៣គ្រឿង និងម៉ូតូ ០១គ្រឿង ត្រូវបានកម្លាំងជំនាញនាំយកមករក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ មិថុនា ក្រុមការងារបានដាក់កម្លាំងយាមកាមឈើនៅនឹងកន្លែងយ៉ាងតឹងរ៉ឹងបំផុត និងបានដឹកជញ្ជូនវត្ថុតាងឆ្ពោះទៅកាន់ទីស្នាក់ការ។ ទោះបីជាមានការរអាក់រអួលខ្លះៗ ដោយសារមធ្យោបាយដឹកជញ្ជូនខូចនៅចំណុចស្លាកដែក ប៉ុន្តែនៅថ្ងៃទី០៤ មិថុនា ឈើល្មើសទាំងអស់ត្រូវបានដឹកជញ្ជូនមកដល់ទីស្នាក់ការកណ្តាលរយ៉លើដោយសុវត្ថិភាព។

បន្ទាប់ពីការរៀបចំកន្លែងទុកដាក់ និងធ្វើការវាស់វែងជាក់ស្តែងនៅថ្ងៃទី០៥-០៧ មិថុនា លទ្ធផលបង្ហាញថា ឈើអារប្រភេទសុក្រំដែលដកហូតបានមានចំនួនសរុប ១៥០កំណាត់ ស្មើនឹង ៤,៣៦១ ម៉ែត្រគូប។ ក្នុងនោះដែរ កម្លាំងជំនាញក៏បានបន្តរុករកគោយន្ត ១គ្រឿងដែលនៅសេសសល់ផងដែរ តែពុំរកឃើញឡើយ។

រហូតមកដល់ថ្ងៃទី០៨មិថុនា២០២៦ ក្រុមកម្លាំងជំនាញបានបន្តល្បាតរហូតដល់ចំណុចដៃអូររពើ ប៉ុន្តែពុំបានរកឃើញបទល្មើសអ្វីបន្ថែមទៀតទេ។ បច្ចុប្បន្ន មធ្យោបាយ និងវត្ថុតាងចាប់យកទាំងអស់ ត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ខណៈមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ កំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកមុខសញ្ញាជនល្មើសមកផ្តន្ទាទោស ទៅតាមច្បាប់ជាធរមាន៕ដោយ៖ឡុង សំបូរ