ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់ម្នាក់ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលការសម្រេចនេះបានធ្វើឡើងតាមរយៈអនុក្រឹត្យផ្លូវការមួយ។
យោងតាមអនុក្រឹត្យលេខ ១៧៦ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ត្រូវបានផ្សព្វផ្សាយឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់មុខតំណែង លោក ព្រំ ចាន់នី ដែលមានអត្តលេខ ០៣៥៩។
នៅក្នុងមាត្រា ១ នៃអនុក្រឹត្យខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា លោក ព្រំ ចាន់នី ត្រូវបានបញ្ចប់មុខតំណែងពី «ឧត្តមអគ្គានុរក្សថ្នាក់លេខ ១» និងជា «អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ»។
ចំពោះមូលហេតុលម្អិតនៃការសម្រេចដកហូតមុខតំណែងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅក្នុងអនុក្រឹត្យនោះទេ ដោយនៅក្នុងខ្លឹមសារគ្រាន់តែបញ្ជាក់ថា ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន «យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
តាមរយៈអនុក្រឹត្យដដែលនេះ ក្នុងមាត្រា ៣ បានបង្គាប់ឱ្យ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងសាមីខ្លួន (លោក ព្រំ ចាន់នី) ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
អត្ថបទព័ត៌មានដោយ៖ ប៊ុន រដ្ឋា




































