ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងសហការី ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀងព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦នេះ ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ជាការពិតណាស់ការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ គឺជាផ្នែកមួយដ៏ចម្បងនៅក្នុងដំណើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកិច្ចការអាទិភាពត្រូវបានកំណត់ដាក់ចូលទៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់គោលការណ៍អភិបាលកិច្ច និងនីតិរដ្ឋ ដែលជាកត្តាចាំបាច់រួមចំណែកធានាថែរក្សា ស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។
ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដោយសង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារសំខាន់ៗមួយចំនួន ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះការងារអនុវត្តច្បាប់ កន្លងមករបស់រដ្ឋបាលខេត្ត ដែលមានទីចាត់ការអន្តរវិស័យជាសេនាធិការ បានធ្វើការសម្របសម្រួលជាមួយនឹងមន្ទីរ-អង្គភាពជំនាញនានា និងកងកម្លាំងពាក់ព័ន្ធក្នុងការតាមដាន ជំរុញ និងពង្រឹងការអនុវត្តច្បាប់ជាប្រចាំ តាមរយៈយន្តការ នៃការបង្កើតក្រុមការងារ ក្នុងរូបភាពជាគណៈកម្មាធិការ ឬគណៈកម្មការ ការដឹកនាំការងារផ្សព្វផ្សាយ និងអប់រំពីខ្លឹមសារច្បាប់នៅតាមបណ្តាវេទិកាសាធារណៈភូមិ ឃុំ សង្កាត់មានសុវត្ថិភាព វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ការរៀបចំជាកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាល ការណែនាំនៅក្នុងកិច្ចប្រជុំនានា រួមនិងការចុះទៅផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋាន ពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តដែលជាការទទួលខុសត្រូវរបស់មន្ទីរ-អង្គភាពនីមួយៗ ។
ឯកឧត្តមបន្ថែមថា រដ្ឋបាលខេត្តបានបង្កើតនូវយន្តការដោះស្រាយវិវាទដីធ្លីក្នុងខេត្ត ដោយអោយថ្នាក់ឃុំ សង្កាត់ ប្រើប្រាស់យន្តការគណ:កម្មការដោះស្រាយទំនាស់នៅ ឃុំ សង្កាត់ ថ្នាក់ស្រុកប្រើប្រាស់យន្តការគណ:កម្មការសុរិយោដីក្រុង ស្រុក ដោយដោះស្រាយនៅការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទនៅមូលដ្ឋាន។ ចំពោះថ្នាក់ខេត្តដោះស្រាយតាមយន្តការគណ:កម្មការរដ្ឋបាលខេត្ត គណៈកម្មការសុរិយោដីរដ្ឋបាលខេត្ត ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាដេីម។
ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ជម្រាបជូនពីគោលបំណងនៃបេសកកម្មនេះ គឺដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចគណ:កម្មការទី៦ នៃរដ្ឋសភា និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។
ឯកឧត្តម ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ៕គឹមសេង






































