អភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យពង្រឹងការបិទខ្ទប់ទីតាំង Scam អនឡាញយ៉ាងដាច់ខាត ក្រោយរកឃើញមានការលួចកាត់របងលួសចូល!

0

ខេត្តមណ្ឌលគិរី៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយាមកាម និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Online Scam) ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត បន្ទាប់ពីមានការរកឃើញសញ្ញា នៃការលួចកាត់របងលួសចូលទៅក្នុងទីតាំង ដែលកំពុងត្រូវបានបិទខ្ទប់។

ប្រតិបត្តិការចុះពិនិត្យបន្ទាន់នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ,កងរាជអាវុធហត្ថខេត្ត ,បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ-ភូមិ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីផងដែរ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនឈានដល់ការចុះពិនិត្យនេះ កម្លាំងយាមល្បាតបានរកឃើញតម្រុយនៃការកាត់របងលួសបន្លា ក្នុងចេតនាលួចជ្រៀតចូលទៅក្នុងទីតាំង ដែលកំពុងផ្អាកសកម្មភាពជាបណ្តោះអាសន្ន។ ភ្លាមៗនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំបញ្ជាឲ្យបើកស៊ីល (Seal) ទ្វាររបង ដើម្បីចូលទៅត្រួតពិនិត្យ និងស្វែងរកវត្ថុតាងបន្ថែម នៅត្រង់ចំណុចប្លុក B ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាទីតាំងសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ឆ្លៀតក្នុងឱកាសចុះបញ្ជាផ្ទាល់នោះ ឯកឧត្តម គង់ គឹមនី បានដាក់ចេញនូវសារដាស់តឿន និងការណែនាំដ៏មានទម្ងន់ទៅកាន់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្នទ្វេដងក្នុងការយាមកាម និងបិទខ្ទប់ទីតាំងល្មើសច្បាប់ទាំងនេះ។ ត្រូវអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយភាពស្មោះត្រង់ ម៉ឺងម៉ាត់ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការដាច់ខាត មិនត្រូវឲ្យមានការធ្លាយ ឬមានការឃុបឃិតណាមួយកើតឡើងឡើយ»។

សកម្មភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងដាច់ខាតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការលុបបំបាត់រាល់សំបុកបទល្មើសបច្ចេកវិទ្យា និងការឆបោកឆ្លងដែន ដែលជារបៀបវារៈ អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

ក្រោយបញ្ចប់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចមក ក្រុមការងារចម្រុះបានរៀបចំធ្វើកំណត់ហេតុ និងបានវាយសញ្ញាបិទស៊ីល (Seal) ទ្វារទីតាំងបិទខ្ទប់នោះឡើងវិញជាផ្លូវការ ស្របតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីបន្តការស្រាវជ្រាវស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់ គ្មានការលើកលែងឡើយ៕ដោយ៖ឡុង សំបូរ