សុំកិច្ចអន្តរាគមន៍បន្ទាន់! អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គួរប្រញាប់បើកភ្នែកមើលករណីទំនាស់ដីធ្លី និងការលួចធ្វើរបងបិទផ្លូវលំបុរាណជាង ១០០ហិចតា នៅស្រុកស្ទោង

0

(កំពង់ធំ)៖ ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរភូមិ-ឃុំ ស្ថិតក្នុងភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្តែងការមិនសុខចិត្តយ៉ាងខ្លាំង និងបានស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីបុគ្គលម្នាក់ឈ្មោះ ឈួន ចាន់ថន ដែលបានរំលោភយកដីផ្លូវលំសាធារណៈតាំងពីបុរាណមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន (មេភូមិ និងមេឃុំ) បានឱ្យដឹងថា បុគ្គលឈ្មោះ ឈួន ចាន់ថន ដែលរងការចោទប្រកាន់ថាអាងទឹកប្រាក់ និងអំណាច បានធ្វើរបងបិទផ្លូវលំចាស់ ដែលជាផ្លូវសាធារណៈសម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការបណ្តើរគោក្របី និងដឹកជញ្ជូនកសិផល។ ការបិទផ្លូវនេះ ធ្វើឡើងដើម្បីឈូសឆាយដីព្រៃដែលមិនធ្លាប់មានការអាស្រ័យផលពីមុនមក ដែលមានផ្ទៃដីសរុបប្រមាណជាង ១០០ហិចតា។
​ទាក់ទិននឹងករណីនេះ លោកអភិបាលស្រុកស្ទោង បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា ដីតំបន់នោះគឺមានប្លង់កម្មសិទ្ធិរួចហើយ ប៉ុន្តែរាល់ការឈូសឆាយត្រូវតែសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន។ ដោយឡែក ឆ្លើយតបនឹងការលើកឡើងរឿងប្លង់ដីនេះ ទាំងលោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់មិនបានដឹងថាលោក ឈួន ចាន់ថន មានប្លង់ដីស្របច្បាប់តាំងពីពេលណានោះទេ ដោយសារអាជ្ញាធរខ្លះទើបតែឡើងកាន់តំណែងថ្មីៗ។
​បច្ចុប្បន្ន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិបវែង បានសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរខេត្តកំពង់ធំ មេត្តាជួយពិនិត្យ ស្រាវជ្រាវ និងបើកភ្នែកមើលទុក្ខកង្វល់របស់រាស្ត្រ ដើម្បីជួយស្វែងរកដំណោះស្រាយសមស្រប ក្នុងការបើកផ្លូវលំសាធារណៈនេះជូនសហគមន៍វិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។
សរសេរអត្ថបទដោយ៖ ប៊ុន រដ្ឋា