ភ្នំពេញ៖ នៅក្នុងចំណាត់ការក្តៅសាច់មួយ ទីបំផុតសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចកសាងសំណុំរឿងបញ្ជូនថៅកែ និងមេការនាំចូលសាច់បង្កក រួមមានជង្គង់មាន់ ស្លាបមាន់ និងជើងមាន់ខុសច្បាប់ពីប្រទេសថៃចំនួន ២ នាក់ ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។
ជនសង្ស័យដែលត្រូវបញ្ជូនខ្លួនទៅតុលាការ រួមមាន៖
ឈ្មោះ ភុត ប៊ុនហម (ត្រូវជាប្តីរបស់ឈ្មោះ អ៉ឹម សុផាន់ណារ៉ា) ដែលជាម្ចាស់ឃ្លាំងស្តុកសាច់បង្កក ស្ថិតក្នុងសង្កាត់គោកកា ខណ្ឌព្រែកព្នៅ។
លោក អ៊ុក សុក្របញ្ញារិទ្ធ ដែលជាមេការចាត់ចែងទូទៅនៅក្នុងឃ្លាំង ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏កំពុងបន្តយុទ្ធនាការតាមប្រម៉ាញ់ចាប់ខ្លួនអ្នកពាក់ព័ន្ធដទៃទៀតផងដែរ។ គួររំលឹកថា គ្រាន់តែឃ្លាំងរបស់ថៅកែទាំង ២ នាក់ខាងលើនេះ អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានរកឃើញ និងរឹបអូសសាច់បង្កកអត់ច្បាប់នាំពីប្រទេសថៃ រហូតដល់ទៅជាង ២០០ តោន។
ជុំវិញករណីសាច់បង្កកខុសច្បាប់រាប់រយតោននេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន ទៅលើមន្ត្រីជំនាញបសុព្យាបាល (ពេទ្យសត្វ) និងមន្ត្រីប្រចាំច្រកព្រំដែន ដែលបង្ហាញពីភាពធូររលុង បណ្តែតបណ្តោយឱ្យរថយន្តដឹកទំនិញខុសច្បាប់ខ្នាតធំទាំងនេះ អាចបើកឆ្លងកាត់ព្រំដែន ចូលមកបំពុលទីផ្សារ និងបំផ្លាញសុខភាពប្រជាពលរដ្ឋយ៉ាងរំភើយ។ សាច់បង្កកខូចគុណភាពរាប់រយតោន មិនមែនហោះចូលមកនោះទេ បើមន្ត្រីពេទ្យសត្វ និងអ្នកពាក់ព័ន្ធបំពេញតួនាទីត្រួតពិនិត្យឱ្យបានតឹងរ៉ឹង និងមានតម្លាភាព ម៉្លេះសមរថយន្តខុសច្បាប់ទាំងនេះមិនអាចបន្លំភ្នែកចូលមកដល់បេះដូងនៃរាជធានីភ្នំពេញបានឡើយ។
ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់នៃសាច់បង្កក ជើងមាន់ ជង្គង់មាន់ និងគ្រឿងក្នុងមាន់ទាំងនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការសាកសួរថៅកែទាំងនោះដោយផ្ទាល់ ដើម្បីស្រាវជ្រាវវែកមុខ និងអូសក្បាលមន្ត្រីខិលខូចដែលពាក់ព័ន្ធ ជាពិសេសអ្នកបើកដៃឱ្យមានការនាំចូល មកទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ដោយមិនលើកលែងឡើយ៕
អត្ថបទព័ត៌មានដោយ៖ ប៊ុន រដ្ឋា






































