ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ បានរៀបចំសួនហាត់ប្រាណ នៅស្រុកក្រឡាញ់

0

សៀមរាប: ដើមី្បសុខមាភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជា ប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកក្រឡាញ់ បានបញ្ចុះ គ្រឿងចក្រ ដើមី្បធ្វើការរៀបចំធ្វើផ្លូវក្រវ៉ាត់មាត់ស្ទឹងពីក្បាលស្ពានតាប៉ុនទៅភូមិខ្សាច់ ឃុំកំពង់ថ្កូវ ប្រវែង ៤០០ម៉ែត្រ និង រៀបចំជាសួនក្រាលការ៉ូឡាលម្អ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងទីប្រជុំជនស្រុកក្រឡាញ់ មានកន្លែងហាត់ប្រាណ កម្សាន្ត ព្រមទាំងងាយស្រួលការធ្វើដំណើរ និង ការពារទឹកជំនន់ ដែលហូរធាចេញពីស្ទឹង ។
តាមការបញ្ជាក់របស់លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ការរៀបចំ រៀបចំធ្វើផ្លូវក្រវ៉ាត់មាត់ស្ទឹងពីក្បាលស្ពានតាប៉ុន និងរៀបចំសួនក្រាលការ៉ូឡាលម្អ និង ជាកន្លែងហាត់ប្រាណ កម្សន្ត ដែលស្ថាបនាដោយ ថវិកាផ្ទាល់ របស់ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា សៀង ណាំ និង លោកជំទាវ ទៅតាមសំណូមពរស្នើសុំរបស់បងប្អូនប្រជាពល រដ្ឋក្នុងទីប្រជុំជនស្រុក ។ លោកបានបន្តទៀតថា នៅពេលមានផ្លូវក្រវ៉ាត់មាត់ស្ទឹងស្រែងនេះហើយ ប្រជាពលរដ្ឋលែងព្រួយ បារម្ភនូវទឹកជំនន់ ហូរចេញពីស្ទឹងដូចពេលមុនៗហើយ ។
ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ការរៀបចំធ្វើផ្លូវក្រវ៉ាត់មាត់ស្ទឹងស្រែង ចាប់ពីក្បាលស្ពានតាប៉ុន និង ជាកន្លែងហាត់ប្រាណ កម្សាន្តនាពេលនេះ ដើមី្បបំពេញនូវតម្រូវការរបស់អាជ្ញាធរ ភូមិ ឃុំ ស្រុក ក្នុងការលើកកម្ពស់សុខភាពរបស់បងប្អូន ពីព្រោះថា ការលេងកីឡា ហាត់ប្រាណនាំមកនូវសុខភាព កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ គំនិតភ្លឺថ្លាទៀតផង ។ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា បានបន្តទៀតថា ការរៀបចំធ្វើផ្លូវក្រវ៉ាត់មាត់ស្ទឹងនេះ គឺជារនាំងការពារដ៏រឹងមាំ នូវទឹកជំនន់ និង ងាយស្រួលធ្វើដំណើររបស់បងប្អូនទៀតផង ។ ម៉្យាងវិញទៀត នៅពេលមានសួន កន្លែងហាត់ប្រាណ និង ទីកម្សាន្ត របស់បងប្អូនទីរួមស្រុកក្រឡាញ់ កាន់តែបង្កើននូវសោភ័ណ្ឌភាពរបស់ស្រុក និង ជាទី ជួបជុំរបស់បងប្អូននៅពេលព្រឹក និង ពេលល្ងាច ដែលធ្វើឲ្យបរិយាកាសនៅតាមដងស្ទឹងកាន់តែមានភាពអ៊ូអរទៀតផង ។ ឯកឧត្តមក៏បានផ្តាំផ្ញើ និង អំពាវនាវដល់រដ្ឋបាលស្រុក ឃុំ ក៏ដូចជាប្រជាពលរដ្ឋ នៅពេលទីតាំងនេះរួចរាល់ ចូលរួមគ្នាជួយ ថែរក្សា នូវបរិក្ខាបំពាក់ និង ការពារបរិស្ថានក្នុងមូលដ្ឋានរបស់ឲ្យបានជាប្រចាំ ដើមី្បសុខភាព អនាម័យរបស់បងប្អូន ៕