សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ឃាត់រថយន្តដឹកគោ-ក្របី ៥ករណីជាប់គ្នា សង្ស័យនាំចូលខុសច្បាប់

0

ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះ ប្រចាំការត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានឃាត់រថយន្តដឹកជញ្ជូនសត្វគោ និងក្របីជាច្រើនក្បាល ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយសង្ស័យថាមានភាពមិនប្រក្រតី និងខ្វះឯកសារច្បាប់ច្បាស់លាស់។

បច្ចុប្បន្ន សត្វគោ និងក្របីទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ជូនការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យ និងចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីខាងលើនេះ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សត្វគោ និងក្របីរាប់សិបក្បាលដែលត្រូវបានឃាត់ទុកនោះ គេបានដាក់ការសង្ស័យថា ជាសត្វដែលដឹកជញ្ជូនឆ្លងដែនខុសច្បាប់ពីប្រទេសជិតខាង ចូលមកក្នុងទឹកដីកម្ពុជា តាមច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែង។

ការឈានទៅដល់ការឃាត់រថយន្តដឹកជញ្ជូនសត្វទាំង ៥ករណីនេះ គឺបន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញ មានភាពមិនប្រក្រតីលើឯកសារអមដំណើរ ដូចជា៖ លិខិតស្នាមមួយចំនួនបានហួសសុពលភាព (ហួសកំណត់ថ្ងៃខែប្រើប្រាស់) និងលិខិតបញ្ជាក់ការទិញ-លក់សត្វ មិនមានទម្រង់រដ្ឋបាលត្រឹមត្រូវគ្រប់គ្រាន់។

ជុំវិញករណីនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ ការដឹកជញ្ជូនសត្វពាហនៈទាំងនេះ គឺមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រភពដើមមិនច្បាស់លាស់នោះឡើយ។ លោកថា បច្ចុប្បន្ន មន្ត្រីជំនាញបសុសត្វកំពុងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ។ ប្រសិនបើរកឃើញថា មានការរំលោភបំពាន ឬល្មើសច្បាប់ មន្ទីរជំនាញនឹងអនុវត្តវិធានការទៅតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វជាធរមាន ដោយគ្មានការលើកលែងឡើយ។

សកម្មភាពចរាចរណ៍សត្វគោ-ក្របី ពីប្រទេសជិតខាង ជាពិសេសឆ្លងដែនពីប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ត្រូវគេមើលឃើញថា បានកម្រើកឡើងវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា បន្ទាប់ពីឆ្លងកាត់ខេត្តស្ទឹងត្រែងទៅ សត្វគោ-ក្របីទាំងនោះនឹងត្រូវគេដឹកជញ្ជូនបន្តទៅចែកចាយ ឬផ្គត់ផ្គង់នៅទីផ្សារក្នុងខេត្ត-ក្រុងណាមួយនោះទេ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានសម្តែងការព្រួយបារម្ភ និងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់រាល់ការនាំចូលទំនិញ ឬសត្វខុសច្បាប់នានាតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ និងការពារទីផ្សារក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»។

អនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី នាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំ ក្នុងការពង្រឹងនីតិរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់រាល់ទំនិញនាំចូលខុសច្បាប់ ដែលអាចប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ និងមុខមាត់របស់ប្រទេសកម្ពុជាទាំងមូល៕ដោយ៖ឡុង សំបូរ