លោកជំទាវ ឃួន ឃុនឌី ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍមូលដ្ឋានស្រុកកំពង់ស្វាយ

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាស្វែងរកបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ យស ថានារី និងឯកឧត្តម ទិត សុធា អនុប្រធានក្រុមការងារ ព្រមទាំងលោក-លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំទាំង ៩ ក្នុងស្រុកកំពង់ស្វាយ។
​នាឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំចុះជាប់ជាមួយប្រជាពលរដ្ឋ និងបានលះបង់កម្លាំងកាយ ចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាព ក៏ដូចជាសំណូមពរនានានៅមូលដ្ឋាន។ ពិសេសគឺការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងវិនិយោគសាធារណៈ ការជួសជុលថែទាំផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានឱ្យបានឆាប់រហ័ស។
​លោកជំទាវបានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ លោកជំទាវបានរំលឹកឱ្យក្រុមការងារបន្តចុះមូលដ្ឋាន ដើម្បីក្តាប់ឱ្យជាប់នូវសុខទុក្ខ និងជួយសង្គ្រោះសមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាក សំដៅពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។
​ទន្ទឹមនឹងនេះ លោកជំទាវប្រធានក្រុមការងារ ក៏បានណែនាំដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្តកសាង និងពង្រឹងបក្សតាមរយៈ៖
ការធ្វើជាគំរូល្អ៖ ដឹកនាំគ្រប់ថ្នាក់ និងរៀបចំរបៀបរបបការងារឱ្យមានប្រសិទ្ធភាព។
ការពង្រីកសមាជិកបក្ស៖ ជំរុញកសាងសមាជិកបន្ថែមទាំងបរិមាណ និងគុណភាព ដោយផ្តោតលើស្រទាប់យុវជន ដើម្បីឱ្យបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្ស។
ការការពារសន្តិភាព៖ ពង្រឹងការងារសាធារណមតិ និងឆ្លើយតបឱ្យបានរហ័សចំពោះការការញុះញង់ ឬមួលបង្កាច់នានា ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
​ជាទីបញ្ចប់ លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក-ឃុំ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសត្រូវបង្ក្រាបឱ្យខានតែបាននូវក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាដល់ការរស់នៅប្រកបដោយភាពសុខសាន្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋ៕