ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ នាំយកស្បៀងអាហារចែកជូន ដល់ប្រជាពលរដ្ឋខ្វះខាត ២០២ គ្រួសារ នៅស្រុកសូទ្រនិគម

0

សៀមរាប: ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ ដែលជាអំណោយដ៏ជ្រៈថ្លារបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០២ គ្រួសារ រស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
​ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាជននៅតាមមូលដ្ឋាន។​ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះចៅអធិការវត្តប្រាសាទគោកចក ដែលជានិច្ចកាលតែងតែមានសប្បុរសធម៌ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបរិច្ចាគទានជាស្បៀងអាហារនាពេលនេះ។ ហើយនេះជាការបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ។  ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា ក៏បានធ្វើការណែនាំមួយចំនួន ចំពោះបងប្អូនក្នុងឃុំកំពង់ឃ្លាំង ដែលមានមុខរបរជាប្រជានេសាទ ដោយរដូវហាមឃាត់ការធ្វើនេសាទមកដល់ហើយ សូមបងប្អូនកុំប្រព្រឹត្តបទល្មើសដែលរដ្ឋបានហាមឃាត់ សំខាន់រាល់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ព្រមទាំងថែរក្សាព្រៃលិចទឹក ដែលជម្រកត្រីពងកូន ដែលជាសម្បត្តិរបស់បងប្អូនប្រជានេសាទយើង ។   ម៉្យាងទៀតក្រៅពីរបរនេសាទ សូមបងប្អូនរកនូវមុខរបររួមផំ្ស ជាពិសេសលើការបម្រើនូវសេវាទេសចរណ៍នៅក្នុងសហគមន៍កំពង់ឃ្លាំងនេះ ។
ក្នុងនោះដែរ​​បងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកតំណាងរាស្ត្រ ព្រះចៅអធិការវត្តប្រាសាទគោកចក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរ និងមិនបោះបង់ប្រជាពលរដ្ឋចោលក្នុងស្ថានភាពលំបាកម្តងណាឡើយ៕