វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៥

0

សៀមរាប: នៅសាលាក្រុងសៀមរាបនាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៦ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង និង លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង អស់លោក លោកស្រីជាតំណាងនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និង ក្រុមប្រឹក្សា សង្កាត់ និង មេភូមិ ប្រជាពលរដ្ឋទាំង១២សង្កាត់ ប្រមាណជា ៦០០នាក់ចូលរួម ។
លោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងគោលបំណងជម្រុញនូវវប្បធម៌ដោះស្រាយ និង ការចូលរួមពិភាក្សា ផ្តល់នូវការបញ្ជ្រាបការយល់ដឹង ការទទួលយកបានព័ត៌មានថ្មីៗ រួមទាំងបញ្ហាប្រឈមនានា និងការឆ្លើយតបតាមសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ និងប្រជាពលរដ្ឋដែលមានទុក្ខកង្វល់បានលើកឡើងក្នុងវេទិកា និង ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពរនៃអង្គវេទិកា លោកស្រីប្រធានបានស្នើដល់លោក លោកស្រី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាន ក្នុងវេទិកា ចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវសំណួរ សំណូមពរ បញ្ហាប្រឈម និង ក្តីកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នា រួមគ្នាដោះស្រាយ និង ឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យប្រកបដោយគុណធម៌។
ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុង បានថ្លែងថា វេទិកានេះគឺជាឱកាសដ៏សំខាន់សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកពិភាក្សា ឆ្លើយបំភ្លឺ និង ដោះស្រាយ ជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និង ស្ថានភាពជាក់ស្តែងនៅក្នុងក្រុងសៀមរាប ។ លោកអភិបាលក្រុង បានលើកឡើងរាល់បញ្ហារ ដែលបងប្អូនបានលើកនៅពេលនេះ ត្រូវបាករដ្ឋបាលក្រុងបានដាក់ទៅក្នុងគម្រោង៣ឆ្នាំរំកិលរបស់សាលាក្រុង ។ ម៉្យាងទៀតរាល់បញ្ហាមួយ ចំនួនដែលស្ថិតនៅក្នុងតំបន់អាជ្ញាធរអប្សរា រដ្ឋបាលក្រុងយកទៅធ្វើការពិភាក្សាជាមួយអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា និង មន្ទីរ ជំនាញពាក់ព័ន្ធ ។ លោកបានបន្តទៀតថា ដើមី្បអនុវត្តនូវវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងការបោសសម្អាតកុំឲ្យកើតមាននៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ដោយខេត្តសៀមរាបជាគោលដៅរបស់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង អ្នកវិនិយោគផងដែរ ។ ដើមី្បធានាបានអាជ្ញាធរសង្កាត់ ភូមិ និង ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការជម្រុញនៅតាមមូលដ្ឋានខ្លួន អនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និង ត្រូវទប់ស្កាត់រាល់បញ្ហាក្មេងទំនើង ល្បែងស៊ីសង និង ល្បែងអនឡាញគ្រប់ប្រភេទ ព្រមទាំងបរិស្ថាននៅតាមដងផ្លូវទៀតផង ។
ក្នុងវេទិការនោះ ប្រជាពលរដ្ឋបានលើកឡើងបញ្ហា និងសំណូមពរនានា ដែលផ្តោតលើចំណុច. បញ្ហាពាក់ព័ន្ធទៅនឹងបរិស្ថាន និង ការគ្រប់គ្រងសម្រាម ,ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ,ធារាសាស្ត្រ (ប្រព័ន្ធប្រឡាយរំដោះទឹក) , និង តម្លៃការតភ្ជាប់ប្រព័ន្ធទឹកស្អាត ,ភ្លើងបំភ្លឺដងផ្លូវ ,មណ្ឌលសុខភាព និង សុំឲ្យមានប័ណ្ណកម្មសិទ្ធិដីធ្លីបូរាណដ្ឋាន និង តំបន់២ របស់អាជ្ញាធរ អប្សរា ។ ‎
បន្ទាប់ពីប្រជាពលរដ្ឋបានលើកឡើងរាល់បញ្ហា និងសំណូមពរ រួចមក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង និងលោក អភិបាលក្រុង និង មន្ទីរជំនាញពាក់ព័ន្ធ បានផ្តើមឆ្លើយបំភ្លឺ បំពេញ បញ្ជាក់ និង ប្តេជ្ញាដោះស្រាយ ទៅតាមសំណូមពរនីមួយៗ ដោយយោងតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងរបស់ក្រុង ។ ក្នុងនោះសំណួរ និង សំណូមពរ ផ្ទាល់មាត់ ចំនួន ១៣ ត្រូវបានវាគ្មិនធ្វើការបកស្រាយបំភ្លឺ និងពន្យល់យ៉ាងក្បោះក្បាយពាក់ព័ន្ធ បញ្ហាផ្លូវ ,សន្តិសុខ និង បរិស្ថាន ។ ចំពោះសំណួរ និង សំណូមពរជាលាយល័ក្ខអក្សរ មាន១៨ ដែលមិនទាន់បានបកស្រាយបំភ្លឺ ក្រុមប្រឹក្សាក្រុង នឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាក្រុង ហើយនឹងធ្វើការឆ្លើយតប ជម្រាប ជូនដល់ម្ចាស់សំណួរ តាមកាលវេលាសមគួរ តាមរយៈអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់។ រាល់បញ្ហាលើកឡើងនេះត្រូវបានវាគ្មិនជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន ៕