អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅដោយមិនមានការលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត

0

សៀមរាប: អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញនូវវិធានការក្ដៅដោយចំពោះរោងសិប្បកម្មកែច្នៃ រោងសន្និធិ ដេប៉ូ សង្ហារឹម សិប្បកម្មឡឥដ្ឋដែលបើកខុសច្បាប់ ក្រុមមន្រ្ដីជំនាញនឹងបន្ដចុះធ្វើការស្រាវជ្រាវ ដើម្បីធ្វើការបិទរោងសិប្បកម្មជាបន្ទាន់ និងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានករណីលើកលែងឡើយ រាល់ទីតាំងអាជីវកម្មណាដែលពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។
ក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការប្រើប្រាស់ផលអនុផលព្រៃឈើ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានបញ្ជាក់ថា ដើម្បីថែរក្សាធនធានធម្មជាតិ ជាពិសេសព្រៃឈើឲ្យបានគង់វង្ស ក្រុមការងារទាំងអស់ត្រូវបន្តយកចិត្ដ និងធ្វើការចុះស្រាវជ្រាវចំពោះទីតាំងរោងសិប្បកម្មដែលខុសច្បាប់ ដើម្បីធ្វើការបិទរោងសិប្បកម្ម និងបញ្ជូនទៅកាន់តុលាការ ដើម្បីកសាងសំណុំរឿង។ អាជីវកម្មរោងសិប្បកម្មទាំងអស់ ត្រូវតែធ្វើការស្នើសុំពីមន្រ្ដីជំនាញ ដើម្បីឲ្យមន្រ្ដីបានធ្វើការចុះត្រួតពិនិត្យ ដើម្បីធានាថារោងសិប្បកម្មអាជីវកម្មនោះស្របតាមលិខិតបទដ្ឋានបច្ចេកទេស ទើបអាចចេញលិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្មបាន។ លោក អ៊ឹង គឹមលាង បានបញ្ជាក់ទៀតថា ទូទាំងខេត្តសៀមរាប មានរោងសិប្បកម្ម សន្និធិ និងទីតាំងកែឆ្នៃគ្រឿងសង្ហារឹមជាង ១៣០ទីតាំង។ ក្នុងនោះសម្រាប់ក្រុងសៀមរាប មានរោងសិប្បកម្ម ៦ទីតាំង(មានច្បាប់) រោងសន្និធិមាន ៧ទីតាំង(មានច្បាប់) ទីតាំងកែឆ្នៃគ្រឿងសង្ហារឹមមាន ៣៧ទីតាំង មានច្បាប់ ២៨ទីតាំង),ក្រុងរុនតាឯកតេជោសែន រោងសិប្បកម្ម១ (គ្មានច្បាប់) និងរោងសន្និធិ១ (គ្មានច្បាប់), ស្រុកប្រាសាទបាគង រោងសិប្បកម្មមាន ២ទីតាំង (មានច្បាប់) រោងសន្និធិ ២ទីតាំង (មានច្បាប់) និងទីតាំងកែឆ្នៃគ្រឿងសង្ហារឹមមាន ៤ទីតាំង (មានច្បាប់)។ ស្រុកបន្ទាយស្រី មានទីតាំងកែឆ្នៃគ្រឿងសង្ហារឹម ៣ទីតាំង (មានច្បាប់), ស្រុកអង្គរធំ រោងសន្និធិមាន ១ទីតាំង (មានច្បាប់), ស្រុកជីក្រែង រោងសិប្បកម្មមាន ៤៨ទីតាំង (មានច្បាប់៧ទីតាំង) រោងសន្និធិមាន ២ទីតាំង (មានច្បាប់), ស្រុកស្វាយលើ រោងសិប្បកម្មមាន ៩ទីតាំង (មានច្បាប់៤) និងរោងសន្និធិ១ទីតាំង (មានច្បាប់)។ ស្រុកវ៉ារិន រោងសិប្បកម្ម ១ទីតាំង (មានច្បាប់), ស្រុកក្រឡាញ់ រោងសិប្បកម្មមាន២ទីតាំង (គ្មានច្បាប់) និងស្រុកស្រីស្នំ មានរោងសិប្បកម្មចំនួន៤ទីតាំង(គ្មានច្បាប់)។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តចុះសិក្សាស្រាវជ្រាវចំពោះទីតាំងរោងសិប្បកម្ម  រោង សន្និធិ និងទីតាំងកែឆ្នៃគ្រឿងសង្ហារឹម នៅតាមបណ្ដាក្រុងស្រុកទាំងអស់ដែលខុសច្បាប់ ដើម្បីចុះបិទនូវរោងសិប្បកម្មខុសច្បាប់ទាំងនោះកុំឲ្យមានបន្ដទៅទៀត។ ការដាក់ចេញនូវវិធានការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តសៀមរាប ក្នុងការការពារធនធានធម្មជាតិ និងការរក្សាសណ្តាប់ធ្នាប់អាជីវកម្មឲ្យមានភាពត្រឹមត្រូវស្របតាមច្បាប់កំណត់៕