ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបការលួចលាក់ជួញដូរសាច់សត្វព្រៃខុសច្បាប់ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ដោយដកហូតបានសាច់សត្វព្រៃរហូតដល់ទៅ ៣ប្រភេទ សរុបប្រមាណ ៦០គីឡូក្រាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបភ្លាមៗនោះ ក្រុមអាជីវករដែលលួចលាក់លក់សាច់សត្វព្រៃ បានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែវត្ថុតាងសាច់សត្វព្រៃនៅលើទីតាំងតែប៉ុណ្ណោះ។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។
ឈរលើស្មារតីការពារធនធានធម្មជាតិ និងជីវចម្រុះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានអំពាវនាវយ៉ាងទទូចដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និងការបរិភោគសាច់សត្វព្រៃ។ ការបរិភោគ និងជួញដូរសត្វព្រៃ មិនត្រឹមតែជាទង្វើខុសច្បាប់ ដែលអាចប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពចម្បងក្នុងការចម្លងមេរោគ ឬជំងឺរាតត្បាតកាចសាហាវពីសត្វមកមនុស្ស និងបំផ្លាញតុល្យភាពប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ ផងដែរ។
ប្រភពពីសមត្ថកិច្ចជំនាញបានគូសបញ្ជាក់ថា វិធានការក្តៅក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសសត្វព្រៃតាមទីផ្សារ និងតំបន់គោលដៅនានានៅទូទាំងភូមិសាស្ត្រខេត្តស្ទឹងត្រែង នឹងត្រូវបន្តធ្វើឡើងដូចភ្លៀងរលឹម ដោយគ្មានការលើកលែងឡើយ ដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះឱ្យអស់ពីក្នុងតំបន់។ តែទោះជាយ៉ាងណា គេក៏នៅមិនទាន់ដឹងសោះថា តើសមត្ថកិច្ចជំនាញនឹងបន្តស្វែងរកអត្តសញ្ញាណជនល្មើស ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ដែរឬយ៉ាងនោះទេ?។
សូមជម្រាបថា សាច់សត្វព្រៃ ៣ប្រភេទ មានទម្ងន់ ៦០គីឡូក្រាម ដែលបានមកពីការបង្ក្រាបនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែងនោះ ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅដុតកម្ទេចចោលអស់ហើយដែរ៕ដោយ៖ឡុង សំបូរ






































