ព្រឹត្តិការណ៍ទិវា yoga ពិភពលោក ឆ្នាំ២០២៦ នៅខេត្តសៀមរាប រៀបចំឡើងយ៉ាងកុះករ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតឥណ្ឌា

0

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានរួមគ្នារៀបចំទិវា «យូហ្គាពិភពលោក ឆ្នាំ២០២៦» យ៉ាងឱឡារិក នៅបរិវេណសួនព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
​ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តមវ៉ាន់ឡាល់វ៉ាវណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិភូអមដំណើរ ភ្ញៀវជាតិ-អន្តរជាតិ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ សរុបជាង ៣០០នាក់។
​ការរៀបចំទិវាយូហ្គាពិភពលោកនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពមហាជន យល់ដឹងពីតម្លៃនៃការហាត់ប្រាណបែបយូហ្គា ដែលជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍រវាងប្រទេសកម្ពុជា និងឥណ្ឌា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ កាន់តែច្រើនឡើង។

​ ​ ​នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាដោយលើកឡើងថា ប្រធានបទនៃទិវាយូហ្គាអន្តរជាតិ (IDY) លើកទី១២ នេះ គឺ «យូហ្គាដើម្បីសុខភាពមនុស្សចាស់» (Yoga for Healthy Ageing) ដែលបង្ហាញពីការទទួលស្គាល់កាន់តែទូលំទូលាយនូវតម្លៃនៃយូហ្គា ក្នុងការលើកកម្ពស់សុខុមាលភាព ទាំងរាងកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ដែលមិនត្រឹមតែលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយទីក្រុងនានា ដូចជា សៀមរាប និងភ្នំពេញ ទៅកាន់ស្រទាប់មហាជនឱ្យកាន់តែទូលំទូលាយ និងជាការផ្សារភ្ជាប់ប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

​ជាកិច្ចបន្ទាប់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងសុន្ទរកថាបើកដោយមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបានរួមចំណែកលើកកម្ពស់សុខភាពផ្លូវកាយនិងផ្លូវចិត្តផង និងជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា»។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍បាននិងកំពុងដាក់ចេញនូវយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដើម្បីបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងបរិយាកាសបរិសុទ្ធ ដែលសមស្របបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការហាត់យូហ្គាដើម្បីសុខុមាលភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការ និងការប្រើប្រាស់ប្រព័ន្ធទាត់ទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការធ្វើដំណើរ ជំរុញសេដ្ឋកិច្ចឌីជីថល និងទាក់ទាញទេសចរណ៍ និងវិនិយោគិនឥណ្ឌាមកកម្ពុជាកាន់តែច្រើនក្នុងពេលដ៏ខ្លីខាងមុខ។
​បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសិស្សានុសិស្សទាំងអស់ បានរួមគ្នាអនុវត្តលំហាត់ប្រាណយូហ្គារួមគ្នា ប្រកបដោយភាពរស់រវើក ក្នុងបរិយាកាសបរិសុទ្ធ និងសាមគ្គីភាពយ៉ាងក្រៃលែង៕
រាយការណ៍ព័ត៌មានដោយ៖ ប៊ុន រដ្ឋា