ក្តៅគគុក! សមត្ថកិច្ចចម្រុះវាយកម្ទេចឡធ្យូងខុសច្បាប់ជិត ១០០ឡ នៅព្រំប្រទល់រតនគិរី-ស្ទឹងត្រែង ខណៈពលរដ្ឋជំរុញឱ្យវែកមុខឈ្មួញកាប់ឈើធ្វើជន្លង់ម្រេចបន្ថែម!

0

ខេត្តរតនគិរី៖ នៅក្នុងយុទ្ធនាការក្តៅដើម្បីការពារមរតកព្រៃឈើ ដែលនៅសេសសល់ចុងក្រោយ កម្លាំងសមត្ថកិច្ចចម្រុះស្រុកកូនមុំ ខេត្តរតនគិរី បានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការបើកការវាយកម្ទេចឡផលិតធ្យូងខុសច្បាប់ទ្រង់ទ្រាយធំជិត ១០០ឡ នៅតំបន់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ទោះជាយ៉ាងណា ក្រុមអ្នកស្រឡាញ់បរិស្ថានបានព្រមានថា វិធានការនេះគ្រាន់តែជា «ការកាត់ស្លឹកឈើ» ប៉ុណ្ណោះ បើសមត្ថកិច្ចមិនទាន់វែកមុខរកមេខ្លោងនៅពីក្រោយ និងបណ្តាញជួញដូរឈើធ្វើជន្លង់ម្រេចដែលកំពុងបំផ្លាញព្រៃឈើយ៉ាងរង្គាលនោះទេ។

ប្រតិបត្តិការរឹតបន្តឹងច្បាប់នេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ យុទ្ធនាការនេះដឹកនាំដោយលោក នូ ថេ អភិបាលស្រុកកូនមុំ ដោយមានការចូលរួមពីកម្លាំងនគរបាលស្រុក កម្លាំងយោធា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានខេត្ត អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន។

តាមការបញ្ជាក់ពីក្រុមការងារចម្រុះ នៅក្នុងការចុះត្រួតពិនិត្យទីតាំងជាក់ស្តែង សមត្ថកិច្ចបានរកឃើញ ឡផលិតធ្យូងអនាធិបតេយ្យរហូតដល់ទៅជិត ១០០ឡ ដែលដំណើរការដោយគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ។ ដើម្បីបង្ការកុំឱ្យមានការលួចកាប់ឈើមកដុតបន្ត សមត្ថកិច្ចបានសម្រេចវាយកម្ទេច និងបំផ្លាញចោលទាំងស្រុងនៅនឹងកន្លែង។ យ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការនេះ ពុំមានម្ចាស់ឡណាម្នាក់បង្ហាញខ្លួន ឬត្រូវបានឃាត់ខ្លួនឡើយ ដែលនេះជាចំណុចចោទសួរដ៏ធំមួយពីសាធារណជន ខណៈអាជ្ញាធរអះអាងថា នឹងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធមកចាត់ការតាមច្បាប់។

អភិបាលស្រុកកូនមុំ លោក នូ ថេ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ និងងាកមកចូលរួមការពារ អភិរក្សធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់ជាតិ ដើម្បីជៀសវាងការទោសទណ្ឌ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

ទោះជាមានការបង្ក្រាបទ្រង់ទ្រាយធំនេះក្តី យោងតាមសេចក្តីរាយការណ៍ដាច់ដោយឡែក និងការលើកឡើងពីអ្នកសង្កេតការណ៍បានគូសបញ្ជាក់ថា ក្រៅពីការធ្វើឡដុតធ្យូង បច្ចុប្បន្នសកម្មភាពកាប់ អារ ពុះ ជ្រៀកឈើធ្វើ «ជន្លង់ម្រេច» រាប់ពាន់រាប់ម៉ឺនដើម ដើម្បីដឹកជញ្ជូនធ្វើជំនួញខុសច្បាប់ កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ និងឥតស្រាកស្រាន្ត ដែលជាការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល។

ឆ្លើយតបនឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ និងពលរដ្ឋអ្នកស្រឡាញ់ធនធានធម្មជាតិ បានជំរុញនិងទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសមន្ត្រីជំនាញខេត្តរតនគិរី ត្រូវតែ៖ បើកការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីស្វែងរកមេខ្លោង និងខ្សែបណ្តាញជួញដូរឈើនៅពីក្រោយខ្នង ,បង្កើនការរឹតបន្តឹងលើបទល្មើសដឹកជញ្ជូនឈើធ្វើជន្លង់ម្រេចឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ប្រសិនបើគ្មានវិធានការក្តៅ និងម៉ឺងម៉ាត់ ចាប់ចងអ្នកបញ្ជាទិញ និងឈ្មួញកណ្តាលទេនោះ ព្រៃឈើដែលសេសសល់ចុងក្រោយនៅលើទឹកដីភូមិភាគឦសាននេះ នឹងត្រូវរងការវិនាសហិនហោចគ្មានសល់ ដោយសារតែការកាប់បំផ្លាញដោយគ្មានការពិចារណា ពីសំណាក់ក្រុមឈ្មួញមួយក្តាប់តូចជាក់ជាពុំខានឡើយ៕ដោយ៖ឡុង សំបូរ