​លោក ទុយ សុធារិទ្ធ ជំរុញឱ្យសមាជិកបក្សប្រកាន់ខ្ជាប់នូវឆន្ទៈ និងគោរពគោលការណ៍បក្ស ដើម្បីបម្រើប្រជាពលរដ្ឋ

0

(កំពង់ធំ)៖ លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រឹល បានថ្លែងសង្កត់ធ្ងន់ថា សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទៈមោះមុត និងគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍របស់គណបក្ស។
​ការថ្លែងបែបនេះរបស់លោក ទុយ សុធារិទ្ធ បានធ្វើឡើងក្នុងពិធីប្រកាសក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ឃុំទួលគ្រឹល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ដោយមានសមាជិកចូលរួមជាង ១០០ នាក់។
​នៅក្នុងឱកាសនោះ លោកបានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ មិនតែប៉ុណ្ណោះ ឱ្យតែពេលណាប្រជាពលរដ្ឋជួបការលំបាក គណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនម្តងណាឡើយ។ ជាក់ស្តែង ក្រុមការងារគ្រប់ជាន់ថ្នាក់តែងតែបន្តចុះមូលដ្ឋាន ដើម្បីក្តាប់ឱ្យជាប់នូវសុខទុក្ខ និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សដែលជួបទុក្ខលំបាក សំដៅថែរក្សាចំណងសាមគ្គីភាពឱ្យកាន់តែរឹងមាំជាមហាគ្រួសារតែមួយ។
​ជាមួយគ្នានេះដែរ លោក ទុយ សុធារិទ្ធ ក៏បានផ្តល់ការណែនាំដល់ក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមកម្លាំងគ្នាសរុប ដើម្បីកសាង និងពង្រឹងគណបក្ស តាមរយៈ៖
​ការពង្រឹងការដឹកនាំនៅគ្រប់កម្រិតថ្នាក់។
​ការធ្វើជាគំរូល្អ ព្រមទាំងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារឱ្យមានប្រសិទ្ធភាព។
​ការជំរុញកសាងសមាជិកបក្សបន្ថែមទាំងបរិមាណ និងគុណភាព ដោយផ្តោតលើស្រទាប់យុវជន។
​ការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
​ការពង្រឹងការងារសាធារណមតិ និងប្រតិកម្មរហ័ស ឆ្លើយតបទៅនឹងការញុះញង់ និងការមួលបង្កាច់នានា។
​ជាចុងក្រោយ លោកបានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលសមាជិកនៅក្នុងមូលដ្ឋាន ថាតើបងប្អូនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយឬនៅ ឬក៏ហួសសុពលភាព ដើម្បីត្រៀមលក្ខណៈ និងជំរុញការត្រួតពិនិត្យបញ្ជីឈ្មោះ ព្រមទាំងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខឱ្យបានគ្រប់ៗគ្នា៕