ស្នងការនគរបាលខេត្តមណ្ឌលគិរី បញ្ជាដាច់ណាត់ឱ្យពង្រឹងសន្តិសុខក្នុងខេត្ត ត្រូវក្តាប់ឱ្យជាប់ជនបរទេស និងវាយកម្ទេចសម្បុកស្កេមអនឡាញ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់!

0

ខេត្តមណ្ឌលគិរី៖ ក្នុងស្មារតីពង្រឹងសន្តិសុខជាតិ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដាក់ចេញនូវបទបញ្ជាក្តៅ និងព្រមានដាស់តឿនចំៗទៅកាន់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងការត្រួតពិនិត្យជនអន្តោប្រវេសន៍ ក្នុងភូមិសាស្ត្រខេត្តទេសចរណ៍នៃភាគឦសានមួយនេះ។
ការចេញបញ្ជាដាច់ណាត់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្រទី១៩ ខែឧសភា ឆ្នាំ២០២៦ ចុងសប្តាហ៍កន្លងមកនេះ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការរង នាយ-នាយរងការិយាល័យជំនាញ អធិការក្រុង-ស្រុកទាំង៥ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ មេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ-សង្កាត់ ទូទាំងខេត្ត។ នាឱកាសនេះ លោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការ បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារជូនកិច្ចប្រជុំទាំងមូល ផងដែរ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ជា ចិត្រា បានឡើងមានប្រសាសន៍បូកសរុប និងបានដាក់ចេញនូវផែនការណ៍អនុវត្តជាក់ស្តែង ដោយសង្កត់ធ្ងន់លើចំណុចក្តៅៗមួយចំនួន គឺ ត្រូវពង្រឹងការទទួលខុសត្រូវតាមផែនជំនាញ គ្រប់ស្នងការរងទទួលផែននីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់ និងដឹកនាំការងារទៅតាមតួនាទី ភារកិច្ច ឱ្យបានម៉ឺងម៉ាត់បំផុត មិនត្រូវបណ្តែតបណ្តោយឱ្យមានចន្លោះប្រហោង នៅក្នុងការិយាល័យជំនាញរបស់ខ្លួនឡើយ , កម្លាំងជំនាញអន្តោប្រវេសន៍ ត្រូវតែខិតខំស្រាវជ្រាវ និងបង្ក្រាបឱ្យខាងតែបាន នូវរាល់ការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ,ត្រូវពង្រឹងការចុះត្រួតពិនិត្យរាល់ការស្នាក់នៅរបស់ជនបរទេស អន្តោប្រវេសន៍ ដែលមកស្នាក់​នៅតាមផ្ទះសំណាក់ សណ្ឋាគារ ឬតាមរីសត (Resorts) នានាក្នុងខេត្តមណ្ឌលគិរី ,ដាច់ខាតមិនត្រូវឱ្យមានការលាក់ខ្លួនប្រព្រឹត្តបទល្មើសឡើយ ,អធិការនគរបាលក្រុង-ស្រុកទាំង៥ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងល្បែងស៊ីសងគ្រប់ប្រភេទ។ ការងារនេះត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ និងត្រូវខិតខំជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ឱ្យមកធ្វើដើម្បីយកទៅប្រើប្រាស់បានគ្រប់ៗគ្នា ដែលនេះជាគោលការណ៍គន្លឹះ និងយុទ្ធសាស្ត្រដាច់ណាត់របស់រាជរដ្ឋាភិបាល។

លោកស្នងការនគរបាលខេត្ត ក៏បានផ្តល់ជាសារដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែរក្សាវិន័យ អាកប្បកិរិយា និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ លោកបញ្ជាក់ថា ក្នុងនាមជាអ្នកអនុវត្តច្បាប់ ត្រូវតែស្អាតស្អំ និងធ្វើជាបង្អែកដ៏កក់ក្តៅ ជូនប្រជាពលរដ្ឋ ជៀសវាងដាច់ខាតការយោគយល់ ឬពាក់ព័ន្ធនឹងបទល្មើសនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។

កិច្ចប្រជុំនេះបានបិទបញ្ចប់ ក្រោមបរិយាកាសស្និទ្ធស្នាល និងទទួលខុសត្រូវខ្ពស់ ដោយលោកវរសេនីយ៍ឯក ស្នងការនគរបាលខេត្ត បានជូនពរដល់កងកម្លាំងនគរបាលទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជនដោយភាពជឿជាក់៕ដោយ៖ឡុង សំបូរ