ខេត្តព្រះវិហារ៖ ក្នុងស្មារតីរួមគ្នាដើម្បីបង្កើនគម្របបៃតង និងការពារដង្ហើមជីវិតនៃធម្មជាតិ បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក ខួបលើកទី ៣០ ព្រមទាំងយុទ្ធនាការដាំកូនឈើឡើងវិញយ៉ាងឱឡារិក ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «រួមគ្នាដាំកូនឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើ»។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ចុងសប្តាហ៍ នាដើមវស្សានេះ នៅបរិវេណសាលាបឋមសិក្សាស្អាង ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ យុទ្ធនាការនេះ ស្តែងឱ្យឃើញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងបណ្ដាញសហគមន៍ព្រៃឡង់ លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដោយមានអ្នកចូលរួមសរុបចំនួន ២៥៥ នាក់ (ក្នុងនោះស្រី ១២២ នាក់)។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ តំណាងបណ្តាញសហគមន៍ព្រៃឡង់ លោក ឃុត សឿម និងអ្នកស្រឡាញ់បរិស្ថាន បានផ្ញើសារដាស់តឿនយ៉ាងធ្ងន់ៗ និងជម្រុញទៅដល់បុគ្គលទាំងឡាយណា ដែលកំពុងតែលួចលាក់កាប់បំផ្លាញ ជួញដូរ និងទន្ទ្រានព្រៃឈើខុសច្បាប់ ឱ្យភ្ញាក់រលឹកឡើងវិញ។ ព្រៃឈើមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជាដង្ហើម ជាជម្រក ជាប្រភពទឹក និងជាមរតកធម្មជាតិរួមរបស់មនុស្សជាតិទាំងមូល។
លោកបន្តថា ការកាប់បំផ្លាញដើមឈើតែមួយដើម គឺស្មើនឹងការបំបាត់ឱកាសរស់រាន និងការបំផ្លាញអនាគតរបស់កូនចៅជំនាន់ក្រោយ។ សហគមន៍បានអំពាវនាវឱ្យជនបំផ្លាញព្រៃឈើ ងាកមកតម្កល់ផលប្រយោជន៍ជាតិជាធំ បោះបង់ពូថៅ និងរណារយន្ត រួចមកចាប់កាន់កូនឈើដាំដុះឡើងវិញ ដើម្បីស្តារមនសិការ និងបង្កើតគម្របបៃតងសម្រាប់មាតុភូមិ។
ដើម្បីជាគំរូ និងជានិទស្សន៍នៃការស្រឡាញ់ធម្មជាតិ យុទ្ធនាការនេះបានដាំកូនឈើប្រណីត និងឈើកម្រសរុបចំនួន ៤០០ ដើម ដែលរួមមានប្រភេទឈើមានតម្លៃខ្ពស់ដូចជា៖ «បេង ធ្នង់ កកោះ ក្រញូង គគីរ និងចាន់គ្រឹស្នា» ជាដើម។ ការជ្រើសរើសប្រភេទឈើទាំងនេះ មិនត្រឹមតែជួយបង្កើនគម្របព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការអភិរក្សពូជឈើកម្ររបស់កម្ពុជាមិនឱ្យរលាយបាត់បង់។
តំណាងបណ្តាញសហគមន៍ព្រៃឡង់ លោក ឃុត សឿម បានបន្តទៀតថា យុទ្ធនាការបរិស្ថានដ៏រស់រវើកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ គឺការបណ្តុះជ្រួតជ្រាបយល់ដឹងអំពីសារៈប្រយោជន៍ដ៏មហាសាលនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ,លើកទឹកចិត្តឱ្យសាធារណជនទូទៅ ចូលរួមដាំដើមឈើឡើងវិញ ឱ្យក្លាយជាវប្បធម៌ និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើឱ្យមកនៅកម្រិតសូន្យ ,រួមចំណែកដាំដើមឈើនៅតាមទីសាធារណៈ ដូចជាសាលារៀន វត្តអារាម និងព្រៃសហគមន៍ ដែលសកម្មភាពនេះគឺដើរស្របគ្នាយ៉ាងឥតខ្ចោះទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ដែលកំពុងរុញច្រានយុទ្ធនាការដាំកូនឈើឱ្យបានយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ដើម្បីឆ្ពោះទៅរកភាពខៀវស្រងាត់។
គួរបញ្ជាក់ផងដែរថា កម្មវិធីទិវាបរិស្ថាន និងការដាំកូនឈើឡើងវិញដ៏មានអត្ថន័យជ្រាលជ្រៅនេះ ទទួលបានការសហការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អង្គការជាដៃគូសំខាន់ៗ រួមមាន៖ អង្គការស្ពានសន្តិភាព (PBO) ,អង្គការជេស្វិតសឺវិសកម្ពុជា (JSC) ,សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងអង្គការដាន មីសិន (Danmission)។
ការរួមគ្នារវាងសហគមន៍មូលដ្ឋាន ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល នៅក្នុងទឹកដីស្រុកជ័យសែន ខេត្តព្រះវិហារ នាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញថា «កិច្ចការពារបរិស្ថាន គឺចាប់ផ្តើមពីយើងទាំងអស់គ្នា» ហើយវាក៏ជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដែលមានផ្ទៃដីសរុបប្រមាណជាង ៤៨ម៉ឺនហិកតា ឱ្យនៅគង់វង្សសម្រាប់មនុស្សជាតិគ្រប់ៗជំនាន់។
ដែនជម្រក«សត្វព្រៃ-ព្រៃឡង់»មានទំហំផ្ទៃដីសរុបដើម (តាមអនុក្រឹត្យឆ្នាំ ២០១៦)៖ មានទំហំសរុប ៤៣១,៦៨៣ ហិកតា លាតសន្ធឹងកាត់ខេត្តចំនួន ៤ គឺ ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ប៉ុន្តែ បច្ចុប្បន្នយោង (អនុក្រឹត្យលេខ ២៦៨ អនក្រ.បក ឆ្នាំ ២០២៣)៖ រាជរដ្ឋាភិបាលបានកែសម្រួលផ្ទៃដីដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដោយបន្ថែមផ្ទៃដីទំហំ ៥៥,៣៣៥ ហិកតា (បញ្ចូលដីរបៀងអភិរក្សជីវៈចម្រុះ និងដីព្រៃបំរុងទុកមួយចំនួន) ធ្វើឲ្យផ្ទៃដីព្រៃឡង់សរុបនាពេលបច្ចុប្បន្ន កើនឡើងដល់ ៤៨៧,០១៨ ហិកតា។
ដែនជម្រកសត្វព្រៃ-ព្រៃឡង់ គឺជាព្រៃស្រោងទំនាបដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ជាជម្រករបស់ដំរីអាស៊ី គោព្រៃ ស្វា និងសត្វកម្រជាច្រើនទៀត។ ព្រៃឡង់មានសារៈសំខាន់ខ្លាំងណាស់ ចំពោះប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងប្រភពទឹកដែលហូរចូលបឹងទន្លេសាប និងការរស់នៅរបស់សហគមន៍មូលដ្ឋានរាប់ម៉ឺនគ្រួសារ។ ព្រៃឡង់ត្រូវបានចាត់ទុកថាជា «សួតបៃតង» មួយរបស់កម្ពុជា ដោយសារតួនាទីរបស់វាក្នុងការស្រូបយកឧស្ម័នកាបូន និងរក្សាលំនឹងអាកាសធាតុ៕ដោយ៖ឡុង សំបូរ






































