ខេត្តព្រះវិហារ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បាននិងកំពុងបន្តយុទ្ធនាការយ៉ាងក្តៅគគុក ក្នុងការចល័តកម្លាំងមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើនកិច្ចអន្តរាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងដល់លោក បេន ដាវីស (Ben Davis) ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។ សកម្មភាពនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងការពារព្រៃឈើ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ។
ចាប់តាំងពីឆ្នាំ២០២៥ មក មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចល័តកម្លាំងជំនាញពីបណ្តាដែនជម្រកផ្សេងៗ មកប្រចាំការ និងចុះល្បាតជាប្រចាំនៅក្នុងតំបន់ភ្នំត្នោត-ភ្នំពក ដើម្បីបង្កើតខែលការពារដ៏រឹងមាំមួយ ជួយដល់លោក បេន ដាវីស និងក្រុមការងារ ឱ្យមានលទ្ធភាពកាន់តែខ្ពស់ក្នុងការបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ រូបលោកបានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព សហការយ៉ាងជិតស្និទ្ធជាមួយលោក បេន ដាវីស ចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅចំណុចព្រៃរំដេង និងតំបន់ជុំវិញ។ លោកថា ជាលទ្ធផល ក្រុមការងារបានរកឃើញទីតាំងរំលោភបំពាន និងកាប់គាស់រុករានដីព្រៃចំនួនពីរអ័ក្សធំៗ រួមមាន៖ ១- (ចំណុចព្រៃសន្ទះ)៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ឈ្មោះ សុខ ឡូ និង ទូច ឆេង (សមាជិកសហគមន៍ភ្នំត្នោត) រស់នៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី បានលួចកាប់ទន្ទ្រានពង្រីកដីព្រៃក្បាលស្រែចំនួន ៣ទីតាំង ស្មើនឹងទំហំ ១.៣១០ ហិកតា។ ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតពីលោក បេន ដាវីស ជនសង្ស័យទាំងពីររូបនេះ ធ្លាប់ត្រូវបានអាជ្ញាធរអប់រំណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ តែនៅតែមានចេតនារឹងរូសបន្តសកម្មភាពដដែល។ ២- (ចំណុចតាផ្ងា)៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ឈ្មោះ រឹម សុខជា និង រស់ សាវ៉ោន រស់នៅក្នុងភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ត្រូវបានរកឃើញថា បានកាប់ទន្ទ្រានដីព្រៃអស់ទំហំ ០.៧០ ហិកតា ដោយមានចរិតលក្ខណៈរឹងរូស និងមិនរាងចាលដូចករណីទីមួយដែរ។
ក្រោយពីកំណត់អត្តសញ្ញាណជនសង្ស័យទាំង ៤នាក់បានច្បាស់លាស់ លោក មាស ញឹម បានធ្វើការទំនាក់ទំនងទៅកាន់មេភូមិតាបស និងមេភូមិស្តៅ ដើម្បីបញ្ជាក់ពីទង្វើល្មើសច្បាប់ជាក់ស្តែង។ លោកថា ក្រោមការសម្របសម្រួល និងការស្នើសុំពីអាជ្ញាធរភូមិ-ឃុំ មិនឱ្យកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការភ្លាមៗ ដើម្បីទុកឱកាសចុងក្រោយ ជនល្មើសទាំងពីរគ្រួសារបានយល់ព្រមចូលខ្លួនដោះស្រាយ។
លោក មាស ញឹម បានបន្តថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការនាំផ្ទាល់ពីលោក ពេជ្រ ចាន់ មេភូមិតាបស ជនសង្ស័យទាំង ៤នាក់ បានធ្វើដំណើរមកកាន់មន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីសារភាពទោសកំហុស និងផ្តិតមេដៃលើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពកាប់ឆ្ការដីព្រៃ។ ជាមួយគ្នានេះ ពួកគេបានយល់ព្រមប្រគល់ដី ដែលបានទន្ទ្រានទាំងនោះត្រឡប់មកជូនរដ្ឋវិញ ភ្លាមៗបន្ទាប់ពីប្រមូលផលស្រូវក្នុងឆ្នាំនេះរួចរាល់ និងសន្យាមិនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទតទៅទៀតឡើយ។
អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានអំពាវនាវ និងក្រើនរំលឹកដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបុគ្គលទាំងឡាយណា ដែលកំពុងមានគំនិត ឬកំពុងប្រព្រឹត្តសកម្មភាពកាប់គាស់ រុករាន ទន្ទ្រានដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងតំបន់ការពារធម្មជាតិ សូមបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ ។
លោកបានបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើត្រឹមតែផលប្រយោជន៍ផ្ទាល់ខ្លួនមួយដងមួយកាល មិនត្រឹមតែបំផ្លាញអនាគតនៃភពផែនដី និងកូនចៅជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែបងប្អូននឹងត្រូវប្រឈមមុខយ៉ាងធ្ងន់ធ្ងរចំពោះមុខច្បាប់ អាចឈានទៅដល់ការឃុំខ្លួន និងរឹបអូសទ្រព្យសម្បត្តិ។ អាជ្ញាធរមានសមត្ថកិច្ចនឹងមិនមានការលើកលែង ឬយោគយល់ទៀតឡើយ ចំពោះបុគ្គលរឹងរូស មិនរាងចាល។ ដូច្នេះសូមចូលរួមគោរពច្បាប់ និងរួមគ្នាដាំដើមឈើឡើងវិញ ដើម្បីសហគមន៍យើង និងដើម្បីប្រទេសជាតិយើង។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខែសីហា ឆ្នាំ២០១៧ ដែលមានផ្ទៃដីសរុបរហូតដល់ ៥១,៧៣០ ហិកតា លាតសន្ធឹងលើខេត្តចំនួនពីរ គឺខេត្តព្រះវិហារ និងខេត្តសៀមរាប។ តំបន់នេះត្រូវបានគ្រប់គ្រង និងអភិរក្សយ៉ាងសកម្មដោយលោក បេន ដាវីស (Ben Davis) ជនជាតិបរទេសបេះដូងខ្មែរ ដែលទទួលបានសញ្ជាតិកម្ពុជាពីព្រះមហាក្សត្រ ហើយលោកបានលះបង់កម្លាំងកាយចិត្តការពារតំបន់នេះតាំងពីឆ្នាំ២០១២ មកម៉្លេះ។
តើដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានសារៈសំខាន់យ៉ាងណាខ្លះ? នោះគឺជាជម្រកនិងជាសំបុកពងកូននៃសត្វព្រៃកម្រ៖ តំបន់នេះគឺជាផ្ទះដ៏សុវត្ថិភាពចុងក្រោយរបស់សត្វព្រៃជិតផុតពូជ និងមានតម្លៃជាសកលជាច្រើនប្រភេទ ដូចជា៖ ទន្សោង, ខ្ទីង, ឈ្លុស, ជ្រូកព្រៃ, ស្វា, ភេ, និងបក្សីកម្រៗជាច្រើនប្រភេទទៀត ដែលកំពុងរងការគំរាមកំហែងពីការបរបាញ់។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺជារបាំងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៖ ផ្ទៃដីព្រៃឈើជាង ៥ម៉ឺនហិកតានេះ ដើរតួជា “សួត” ដ៏ធំក្នុងការស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញអុកស៊ីសែន ជួយរក្សាលំនឹងទឹកភ្លៀង ផ្ដល់ប្រភពទឹកក្រោមដី និងការពារគ្រោះរាំងស្ងួត ដល់ដីកសិកម្មរបស់ប្រជាពលរដ្ឋជុំវិញតំបន់នោះ។
សក្តានុពលទេសចរណ៍ធម្មជាតិ និងសេដ្ឋកិច្ចសហគមន៍ ភ្នំត្នោត-ភ្នំពក គឺជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ (Ecotourism) ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត បោះជំរំ និងមើលសត្វព្រៃ។ វានាំមកនូវចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការធ្វើជាមគ្គុទ្ទេសក៍ ផ្តល់សេវាកម្មស្នាក់នៅ និងលក់កសិផល ដែលជាប្រភពសេដ្ឋកិច្ចប្រកបដោយចីរភាព ជំនួសឱ្យការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ៕ដោយ៖ឡុង សំបូរ





































